ឯកឧត្តមបណ្ឌិត ហង្ស សាមឿន ប្រកាសបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការលើកកម្ពស់គណនេយ្យភាព ការបាត់បង់ និងការខូចខាតដោយគ្រោះមហន្តរាយ ដែលទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យការបាត់បង់ និខូចខាត ដោយគ្រោះមហន្តរាយនៅកម្ពុជា CamDi

ភ្នំពេញ ; ឯកឧត្តមបណ្ឌិត ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងឯកឧត្តមកិត្តិសង្គហណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នាព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៥អញ្ញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការលើកកម្ពស់គណនេយ្យភាព ការបាត់បង់ និងការខូចខាតដោយគ្រោះមហន្តរាយ ដែលទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យការបាត់បង់ និងខូចខាត ដោយគ្រោះមហន្តរាយនៅកម្ពុជាឃេនឌី( CamDi)។កម្មវិធីនេះឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីតំណាងក្រសួងពាក់ព័ន្ធនិងអង្កការដៃគូអភិវឌ្ឍន៏នៅកម្ពុជាផងដែរ។
រំលេចថា នៅក្នុង ក្របខណ្ឌសេនដាយ (Sendai Framework) សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥ – ២០៣០ CamDi មានតួនាទីជាប្រព័ន្ធកត់ត្រា ចែករំលែក និងធ្វើការគណនាជាសាធារណៈចំពោះការបាត់បង់ និងខូចខាតដោយគ្រោះមហន្តរាយ និងស្វែងយល់ពីផលប៉ះពាល់សេដ្ឋកិច្ច សង្គម សុខភាព ការអប់រំ បរិស្ថាន និងបេតិកភណ្ឌវប្បធម៌។ប្រព័ន្ធទិន្នន័យនេះ ត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដោយមានការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការក្នុងការ តាមដាននិងត្រួត្យពិនិត្យ អនុបាតតម្លៃការខូចខាត និងបាត់បង់ដោយគ្រោះមហន្តរាយធម្មជាតិ ដែលជាសូចនាករសម្រាប់ការតាមដានការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងដោយមានក្រសួងជំនាញចំនួន៦ ជាសមាជិកក្នុងការចូលរួមមានដូចជា៖(1) ក្រ សួងធនធានទឹក និងឧតុនិយម(2) ក្រសួងសាធារណការ និងដឹកជញ្ជូន (3)ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(4)ក្រសួងអភិវឌ្ឍន៍ជនបទ(5)សួងអប់រំ យុវជន និងកីឡា និង(6)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមបណ្ធិត ហង្ស សាមឿន បានលើកឡើងថា ក្នុងឆ្នាំ ២០២៤ រាជរដ្ឋាភិបាល ក៏បានអនុម័តលើយុទ្ធសាស្រ្តហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ២០២៣-២០២៨ ដែលក្នុងនោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមកិច្ចសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួងពាក់ព័ន្ធត្រូវធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបាត់បង់ និងខូចខាត (CamDi) ដើម្បីកត់ត្រាទិន្នន័យការបាត់បង់ និងការខូចខាតដោយគ្រោះមហន្តរាយដ៏ទូលំទូលាយនៅគ្រប់វិស័យ ជំរុញការកែលម្អការរាយការណ៍ទិន្នន័យសារពើពន្ធ និងការរួមបញ្ចូលព័ត៌មានហានិភ័យដែលបានធ្វើបច្ចុប្បន្នភាពទៅក្នុងផែនការសេដ្ឋកិច្ច។
ឯកឧត្តមបណ្ធិត ហង្ស សាមឿនបានបន្តថា ក្នុងនាមទេសរដ្ឋមន្រ្តី គន់ គីម ជំរុញនិងគាំទ្រទៅដល់ក្រសួងនីមួយៗមានភារកិច្ចធ្វើការប៉ាន់ស្មាន និងចូលរួមក្នុងការកត់ត្រា និងតាមដានជាប្រចាំ នូវការបាត់បង់ និងការខូចខាតដោយគ្រោះមហន្តរាយចំពោះវិស័យរបស់ខ្លួន ដើម្បីប្រើប្រាស់សម្រាប់ការគណនាអនុបាតតម្លៃការបាត់បង់ និងការខូចខាតដោយគ្រោះមហន្តរាយធម្មជាតិ ដោយក្នុងនោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យការបាត់បង់ និង ខូចខាតដើម្បីធ្វើការកត់ត្រា និងគណនា ដោយប្រៀបធៀបជាមួយផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) របស់ជាតិ និងអនុវត្តការសម្រេចឱ្យបាននូវផែនការសកម្មភាពដែលបានដាក់ចេញ ក្នុងយុទ្ធសាស្រ្តហិរញ្ញបទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ២០២៣-២០២៨ ។ គ.ជ.គ.ម. បានធ្វើការស្វែងរកនិងទទួលបានការគាំទ្រទាំងបច្ចេកទេស និងថវិកា ដើម្បីជំរុញធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រងទិន្នន័យការបាត់បង់ និងការខូចខាត នៃគ្រោះមហន្តរាយកម្ពុជា (CamDi) នេះ។ដើម្បីរៀបចំ និងអនុវត្តដំណើរការសកម្មភាពជាបន្តបន្ទាប់ធានាសម្រេចបាននូវការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបាត់បង់ និងខូចខាតសម្រាប់កម្ពុជា។ ឯកឧត្តមសង្ឃឹមនិងជឿជាក់ថា ការរួមគ្នារបស់យើងអាចពង្រឹងសមត្ថភាព ក្នុងការគ្រប់គ្រងទិន្នន័យការបាត់បង់ និងការខូចខាតនៃគ្រោះមហន្តរាយធម្មជាតិប្រកបដោយប្រសិទ្ធភាព។