ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ៖ កម្ពុជា ប្រកាសទាត់ចោលទាំងស្រុង នូវកាចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ ដែលថា កម្ពុជា បានដាក់មីនថ្មី និងរក្សាទុកគ្រាប់មីន។

ភ្នំពេញ ៖ កម្ពុជាបានប្រកាសទាត់ចោលទាំងស្រុង នូវកាចោទប្រកាន់របស់ថៃ ដែលថាកម្ពុជា បានដាក់មីនថ្មី និងស្តុកទុកមីន ដែល ការ ចោទប្រកាន់របស់ថៃនេះ គឺជាការលើកឡើងដោយគ្មានមូលដ្ឋាន និងមានចរិកជាលក្ខណៈនយោបាយ។ បើតាមការលើកឡើងពី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ។ឯកឧត្តមបណ្ឌិត លី ធុជ លើកឡើងបែបនេះ ធ្វើឡើងសន្និសីទសារព័ត៌មានស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលរៀបចំឡើង ដោយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៅទីស្នាក់ការអាជ្ញាធរមីន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ។ក្នុងសន្និសិទនោះមានការចូលរួមពីឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាកម្ពុជានិងជាអគ្គនាយកស៊ីម៉ាកកម្ពុជាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា ក្នុងនាមជាប្រជាជាតិមួយ ដែលរងគ្រោះដោយសារមីន ហើយបានចាត់ទុកមីន គឺជាសត្រូវរបស់ជាតិ និងប្រជាជនខ្មែរ កម្ពុជាសូមទាត់ចោលការចោទប្រកាន់របស់ថៃទាំងស្រុង។
ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់យ៉ាងដូច្នេះថា « ទាត់ចោលទាំងស្រុងនូវការលើកឡើងដែលថា កម្ពុជាប្រើមីនថ្មី។ កម្ពុជាមានមីនគ្រប់គ្រាន់ហើយនៅលើទឹកដីរបស់ខ្លួន មិនត្រូវការមីនថ្មីណាមួយទៀតទេ ដើម្បីមកសម្លាប់ប្រជាពលរដ្ឋ បង្កការលំបាកដល់ប្រជាជនរបស់ខ្លួនទេ។ មីន គឺជាសត្រូវរបស់យើង និងប្រជាជនខ្មែរ ដែលគេស្អប់ខ្ពើម។ នៅលើពិភពលោក កម្ពុជាគឺជាប្រទេសនាំមុនគេ ដែលបានទទួលស្គាល់ថា ជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន និងបានចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការទប់ស្កាត់ការប្រើប្រាស់មីន»។
ទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់បន្ថែមថា តំបន់ដែលទាហានថៃរងគ្រោះដោយសារដើរជាន់មីន គឺជាតំបន់ ដែលកម្ពុជាបានចាត់ទុកជាតំបន់អតីតសមរភូមិ ពីជំនាន់សង្រ្គាមស៊ីវិលផ្ទៃក្នុងរបស់កម្ពុជា ដោយកាលនោះបណ្តាក្រុមប្រដាប់អាវុធឈរជើងនៅតំបន់នោះ បានដាក់មីនយ៉ាងច្រើន ។ ហើយវត្តមានគ្រាប់មីនដ៏ច្រើននេះ បានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលកម្ពុជា ហើយអ្នកណាក៏ដោយដែលមកតំបន់នេះ ក៏នឹងត្រូវរងគ្រោះថ្នាក់ដូច្នេះ។
ទេសរដ្ឋមន្ត្រីសម្តែងការសោកស្តាយ ដែលថៃបានយកបញ្ហាមីន មកបង្កឱ្យមានការឈ្លានពានប្រដាប់អាវុធមកលើកម្ពុជា បំពានមកលើធិបតេយ្យកម្ពុជា ដែលជាប្រទេស ភូមិផងរបងជាប់គ្នា កាន់ព្រះពុទ្ធសាសនាដូចគ្នា ព្រមទាំងមានរបររកស៊ី និងរាប់អានគ្នា ។
ឯកឧត្តមបានលើកឡើងថា នៅតាមព្រំដែន គឺជាតំបន់ នៅសេសសល់មីន ដែលកម្ពុជា ត្រូវបន្តបោសសម្អាតមីនបន្ថែមទៀត ខណៈកន្លងមក អាជ្ញាធរមីនបានសហការជាមួយស៊ីម៉ាក់ អនុវត្តគម្រោងបោសសម្អាតមីន ដែលមានការគាំទ្រពីប្រទេសអូស្រ្តាលី ញូវហ្សេលែន កូរ៉េ និងអង្គការ UNDP ចូលរួមលើកនូវផ្លាកសញ្ញា ហាមឃាត់ ព្រោះជាតំបន់មានមីនច្រើន និងគ្រោះថ្នាក់ ជាច្រើនឆ្នាំមកហើយ ដើម្បីឱ្យប្រជាពលប្រុងប្រយ័ត្ន និងកុំដើរចូលក្នុងតំបន់នេះ។
សូមជម្រាបថា ក្នុងរយៈពេល៣៣ឆ្នាំមកនេះមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១ ២០៣ ៦២៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦ ៦៩២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២២២ ៥៤៩គ្រាប់។
ដោយឡែកនៅក្នុងឆ្នាំ២០២៥ គិតត្រឹមខែកក្កដា ផ្ទៃដីចំនួន ១៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ៦ ៤០៥គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១២៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២៥ ៨៤៥គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៩នាក់ ក្នុងឆ្នាំ២០២៤។ សូមរំលឹកថា ៖ អស់រយៈពេលជាង ៣ទសវត្សរ៍នេះ កម្ពុជាបានចាត់ទុកការងារបោសសម្អាតមីនជាអាទិភាពសំខាន់បំផុត ដើម្បីឲ្យប្រជាជនរដ្ឋរស់នៅ និងធ្វើការដោយគ្មានការភ័យខ្លាចដោយសារគ្រាប់មីន ខណៈកម្ពុជាជាប្រទេសស្ថាបនិកមួយនៃអនុសញ្ញាអូតាវ៉ា ឈរលើគោលការណ៍គោរពយ៉ាងម៉ឺងម៉ាត់បំផុតប្រឆាំងដាច់ខាតនូវការប្រើប្រាស់មីន ។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញារមីន ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ៕