ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត រួមទាំងត្រួតពិនិត្យយុទ្ធោបករណ៍ ដែលបម្រើដល់ភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង ដែលប្រព្រឹត្តទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាននាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់បងប្អូនកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងបានថ្លែងទៅកាន់អង្គប្រជុំស្តីពីស្ថានភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត ក៏បាន ផ្តល់អនុសាសន៍បន្ថែមថា ក្នុងនាមអ្នកដឹកនាំ និងការពារ ត្រូវត្រួតពិនិត្យឲ្យបានល្អិតល្អន់ ចំពោះកម្លាំងរបស់ស្នងការដ្ឋាន ត្រូវរៀបចំឲ្យបានត្រឹមត្រូវ ក៏ដូចជាសម្ភារ អាវុធ ត្រូវត្រួតពិនិត្យមើលឡើងវិញ ដើម្បីឱ្យការត្រៀមលក្ខណៈបានល្អ និងត្រូវរៀបចំកន្លែងស្នាក់នៅ ហូបចុក កន្លែងហ្វឹកហាត់ គ្រូបង្វឹក ឱ្យបានល្អប្រសើរ ជូនដល់កងកម្លាំងរបស់យើង។ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ ក៏បានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងការអនុវត្តការងារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវបន្តហ្វឹកហាត់យុទ្ធវិធីជាប្រចាំ ការប្រើប្រាស់អាវុធ និងរបៀបការពារខ្លួនឱ្យបានស្ទាត់ជំនាញ ដើម្បីបង្កើននូវសមត្ថភាពរបស់ខ្លួន និងត្រូវសហការគ្នាឱ្យកាន់តែល្អ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ។
លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានលើកឡើងអំពីរបាយការណ៍សង្ខេបអំពីសភាពការណ៍ ភូមិសាស្ត្រ និងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្ត និងបានកោតសរសើរ ចំពោះលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលបានខិតខំដឹកនាំ បំពេញ តួនាទី ភារៈកិច្ច និងការងារ ក្នុងការការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជាមួយគណៈបញ្ជាការខេត្ត ជូនប្រជាពលរដ្ឋទូទាំងខេត្ត ប្រកបដោយលទ្ធផលល្អប្រសើរ។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអានរបាយការណ៍ស្តីពី សមិទ្ធផល និងកិច្ចប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈរបស់ស្នងការដ្ឋាននគរបាលខេត្ត ដោយបានបង្ហាញថា កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជារួមមានភាពប្រក្រតីល្អប្រសើរ៕ ស៉ីផុន ហ៊ុងគ្រី