ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ”

នាថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥, នៅសណ្ឋាគារសុខាភ្នំពេញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ“សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ” ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងវត្តមានរបស់ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រីអភិបាល–អភិបាលរងនៃគណអភិបាលរាជធានី ខេត្ត, លោក លោកស្រីប្រធាន–អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត, លោក–លោកស្រី អភិបាល–អភិបាលរង នៃគណៈអភិបាលរដ្ឋបាលក្រុង ស្រុក ខណ្ឌ, និងលោកមេឃុំ ចៅសង្កាត់គោលដៅ ដែលមានវត្តមានផ្ទាល់ សរុបប្រមាណ ៤០០ នាក់ ព្រមទាំងរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេសចូលរួមតាមប្រព័ន្ធអនលាញ Zoom meeting។
សិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ” នាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមទៀតពីក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យសេចក្តីព្រាងច្បាប់ថ្មីនេះ កាន់តែមានភាពល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងធានាបាននូវប្រសិទ្ធភាព។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (ថ្មី) នេះ មិនមែនជាច្បាប់ដំបូងនោះទេ ប៉ុន្តែឯកសារនេះបានវិវត្តន៍ជាបន្តបន្ទាប់ពីច្បាប់ស្តីពីរបបហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរបស់រដ្ឋបាលខេត្ត និងក្រុង ឆ្នាំ១៩៩៨ និងបន្ទាប់មកត្រូវបានកែសម្រួលឡើងវិញជា “ច្បាប់ស្តីពីរបបហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ” ឆ្នាំ២០១១ និងនៅជាធរមានដល់សព្វថ្ងៃ។
ការតាក់តែងសេចក្តីព្រាងច្បាប់ថ្មីនេះ ធ្វើឡើងដោយមានការសិក្សាលើទិដ្ឋភាពសំខាន់ៗ និងចាំបាច់នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បទពិសោធន៍នៃការអនុវត្តកន្លងមក និងការធានាបាននូវភាពស៊ីសង្វាក់គ្នាទៅនឹងការកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ពិសេស បានគិតគូរអំពីកត្តាចាំបាច់មួយចំនួន ដូចជា កត្តាសមត្ថភាព និងធនធាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងប្រទាក់ក្រឡា, មានភាពបត់បែន និងងាយស្រួលអនុវត្ត ក្នុងគោលដៅផ្តល់ឆន្ទានុសិទ្ធិកាន់តែច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ នៅក្នុងការរៀបចំ និងអនុវត្តថវិកា។
ទន្ទឹមនេះ ស្របតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣,សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានគិតគូរយ៉ាងគត់ហ្មត់ ដោយផ្អែកលើគោលការណ៍គន្លឹះសំខាន់ៗ រួមមាន (១). ការបន្តពង្រឹងភាពជឿទុកចិត្តបាននៃថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ដែលជាសសរស្តម្ភទាំង៤ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, (២). ការរក្សាតុល្យភាពនៃការអនុវត្តល្អរបស់កម្ពុជា និង (៣). ការសិក្សា ពិនិត្យ និងថ្លឹងថ្លែងជាមួយនឹងការអនុវត្តល្អជាអន្តរជាតិ និងបណ្តាប្រទេសក្នុងតំបន់។