ឯកឧត្តមបណ្ឌិត ខាន់ ខុន ៖ ប្រមុខរាជរដ្ឋាភិបាលបានផ្ដោតយកចិត្តទុកដាក់ខ្ពស់លើកត្តាមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាប្រធាន សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព តំណាង ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចុះប្រគល់អណ្ដូងទឹកស្អាតចំនួន៣អណ្ដូង និងចែកអំណោយនៃសេចក្ដីស្រឡាញ់ ដល់កុមារចំនួន៨០នាក់ ក្នុងសហគមន៍ ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ ។
ក្នុងពិធីសំណេះសំណាល ឯកឧត្តមបណ្ឌិត ខាន់ ខុន បាននាំក្ដីនឹករលឹកគោរពស្រលាញ់របស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន ពីការដឹកនាំការរួមសាមគ្គីគ្នា ស្រលាញ់គ្នា ដោយរួមរស់ក្នុងម្លប់សន្តិភាព ភាពសុខដុមរមនាសាសនានៅកម្ពុជាព្រមទាំងបាន ចូលរួមជួយតាមលទ្ធភាពក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលចូលរួមជួយតាមសហគមន៍ដែលមានតម្រូវការក្នុងការប្រើប្រាស់ ជាក់ស្ដែងដូចជាការចុះជួយដល់មូលដ្ឋាន ទាំងអស់នេះជាការរួមចំណែករបស់ ក្រសួងធម្មការនិងសាសនា ដើម្បីប្រទេសជាតិ និងការអភិវឌ្ឍន៏ ដោយរក្សានូវការរួមសាមគ្គីភាព ។
ឯកឧត្តម បណ្ឌិតបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដោតយកចិត្តទុកដាក់ខ្ពស់លើកត្តាមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ជាមួយនឹងបាវចនា៥គឺ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានកំណត់យកអាទិភាពគន្លឹះ៥គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា»។
សូមជម្រាបជូនថា សមិទ្ធផលទាំងអស់នេះបានមកពីរការរួមសហការ របស់គ្រីស្ទបរិស័ទក្នុងប្រទេស និងក្រៅប្រទេស បរិច្ចាគចូលរួម ជាការអធិដ្ឋាន និងចូលជា ថវិកា តាមរយៈ ឯកឧត្តម ខាន់ ខុន ក្នុងការចុះជួយដល់ ប្រជាជនតាមសហគមន៍ ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ នៅតាមទីជនបទដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹកនៅរដូវប្រាំង។ ក្នុងអណ្ដូងទឹកមួយ បានចំណាយថវិកាក្នុងការស្ថាបនាចំនួនជាង ពីរពាន់ដុល្លារសហរដ្ឋអាមេរិក ដែលអណ្ដូងទឹកទាំងនេះស្ថិតនៅ៖
១/ ភូមិគោគខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
២/ ភូមិស្វាយស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង
៣/ ភូមិបឹងអន្លក់ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង
#អណោយនៃសេចក្ដីស្រឡាញ់ ស្ថិតនៅ៖
១/ ភូមិ អូរញរ ឃុំបឹងព្រីង ស្រុក ថ្មគោល ខេត្តបាត់ដំបង ចំនួន៤០កាដូ
២/ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ណ ខេត្តបន្ទាយមានជ័យ ចំនួន៤៥កាដូ៕