ឯកឧត្តមបណ្ឌិត ខាន់ ខុន អញ្ជើញប្រគល់អណ្ដូងទឹកស្អាត ចំនួន២អណ្ដូងដល់អង្គភាពកងវរសេនាតូចលេខ ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ឯកឧត្តមបណ្ឌិត ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាប្រធាន សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព តំណាង ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចុះប្រគល់អណ្ដូងទឹកស្អាត ចំនួន២អណ្ដូង ដើម្បីបម្រើជាប្រយោជន៍ នានានៅក្នុងសហគមន៍ និងមួយទៀតជូនដល់កងទ័ព និងគ្រួសារកងទ័ព សម្រាប់ប្រើប្រាស់នៅអង្គភាពកងវរសេនាតូចលេខ ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
នាពិធីសំណេះសំណាល ឯកឧត្តមបណ្ឌិត ខាន់ ខុន បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន គ្រប់សាសនាមានការរួមសាមគ្គីគ្នា ស្រលាញ់គ្នាក្រោមម្លប់សន្តិភាព ភាពសុខដុមរមនាសាសនានៅកម្ពុជាព្រមទាំងបាន ចូលរួមជួយតាមលទ្ធភាពក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ទៅតាមសហគមន៍ដែលមានតម្រូវការក្នុងការប្រើប្រាស់ជាក់ស្ដែង ដូចជាការចុះជួយដល់មូលដ្ឋាន នាយទាហានរង និងពលទាហាន នៃកងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងអស់នេះជាការរួមចំណែករបស់ ក្រសួងធម្មការនិងសាសនា ដើម្បីប្រទេសជាតិ និងការអភិវឌ្ឍន៏ ដោយរក្សានូវការរួមសាមគ្គីភាព ។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍លើកឡើងថា «មនុស្ស» គឺជាកត្តាស្នូលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះទើបរាជរដ្ឋាភិបាលជំរុញការអប់រំ និង ការបណ្តុះបណ្តាលមូលធនមនុស្ស ដើម្បីបង្កើតមូលដ្ឋាន សង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្តោតលើជំនាញ និង ចំណេះដឹង ដើម្បីឈានឆ្ពោះទៅសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដូចនេះ ក្នុងនាមប្រធាន សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព ដែលជាសេនាធិការរបស់ក្រសួងធម្មការនិងសាសនា បានខិតខំស្វែងរកជំនួយឧបត្ថម្ភពីសប្បុរសជននានា និងដៃគូអភិវឌ្ឍន៍ អណ្តូងទឹកស្អាតនៃ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព និងក្រុមជំនុំបេសកកម្មដំណឹងល្អ បានកសាងអណ្ដូងទឹកស្អាតជូនប្រជាពលរដ្ឋ នៅតាមសាលារៀន តាមសហគមន៍តាមជនបទ និងនៅតាមមូលដ្ឋាននានា នៅទូទាំងប្រទេសបានចំនួនជិត ៧០០ អណ្ដូងរួចមកហើយ ទាំង២៤ខេត្តនៃប្រទេសកម្ពុជា។
សូមជម្រាបជូនថា ក្នុងអណ្ដូងទឹកស្អាតមួយ បានចំណាយថវិកាក្នុងការស្ថាបនាចំនួនជាង ពីរពាន់ដុល្លារសហរដ្ឋអាមេរិក ដែលអណ្ដូងទឹកទីមួយស្ថិតនៅ ភូមិអូរតាសៀវ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងទីពីជូនដល់យោធិន កងវរសេនាតូចលេខ ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារយោធិន សម្រាប់ប្រើប្រាស់ ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងក្រុមគ្រួសារ បានប្ដេជ្ញាចិត្ត ថែរក្សាសមិទ្ធផលអណ្ដូងទឹកស្អាត ដើម្បីបានប្រើប្រាស់យូរអង្វែងដែលឯកឧត្តម ក្រសួងធម្មការនិងសាសនា បានប្រគល់ជូននៅពេលនេះ ទុកជាសម្បត្តិរបស់យើងទាំងអស់គ្នាចាប់ពីពេលនេះតទៅ ៕