ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យការប្រមូលផលពូជស្រូវសែនក្រអូបរបស់កសិករ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំសហការីចុះពិនិត្យ មើលការប្រមូលផលស្រូវពូជសែនក្រអូបរបស់លោក ឈិត ប៊ុនថន នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

នៅក្នុងឱកាសអញ្ជើញចុះពិនិត្យដល់ស្រែផ្ទាល់ ឯកឧត្តមបណ្ឌិតប្រតិភូ បានសង្កេតឃើញថា ពូជស្រូវសែនក្រអូបនេះមានកួរធំៗ គ្រាប់ច្រើន និងផ្តល់ទិន្នផលខ្ពស់គួរឲ្យកត់សម្គាល់។

ការប្រមូលផលពូ​ជស្រូវរបស់លោក ឈិត ប៊ុនថន គឺធ្វើឡើងលើផ្ទៃដីទំហំ៤ហិកតា ស្ថិតនៅឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានអញ្ជើញពិនិត្យមើលដំណើរការរក្សាទុកពូជស្រូវ និងសម្ងួតស្រូវនៅក្នុងរោងម៉ាស៊ីនកិនស្រូវរបស់លោក ឈិត ប៊ុនថន ដើម្បីរក្សាបានគុណភាពខ្ពស់ឆ្លើយតបតាមតម្រូវការទីផ្សារ៕