ឯកឧត្តមបណ្ឌិត កៅ ថាច បានជួប សំណេះសំណាលជាមួយកសិករ ឈ្មួញអំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ធនាគារ ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកសិករ ឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម។
ពិធីសំណេះសំណាលនេះ បានសហការរៀបចំឡើងដោយ ក្រុមហ៊ុន ហង្ស ហាវេស អេហ្រ្គីខលឈ័រ ដោយមានអ្នកចូលរួមពីក្រុមកសិករផលិត និងពាណិជ្ជករប្រមូលទិញប្រមាណជាង ១២០ រូប។ នៅក្នុងកិច្ចពិភាក្សាស្តីអំពីបច្ចុប្បន្នភាព និងស្ថានភាពទីផ្សារដំឡូងមី-ពោតក្រហមជាមួយក្រុមកសិករផលិត, ពាណិជ្ជករប្រមូលទិញ-កែច្នៃដំឡូងមី និងពោតក្រហម មកពីបណ្តាខេត្តមួយចំនួនរួមមាន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ សៀមរាប ត្បូងឃ្មុំ ជាដើម។
ក្នុងមួយឆ្នាំៗ ដំឡូងមីត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង ៨៤ ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ ១៥ លានតោន ) ជាមួយផលសេដ្ឋកិច្ចប្រមាណណ ១,២៥៥ លានដុល្លារ គិតត្រឹមឆ្នាំ២០២៤ និងពោតក្រហមប្រមាណជាង ២៨ ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ ១ លានតោន ) ជាមួយផលសេដ្ឋកិច្ចប្រមាណជាង ២00 លានដុល្លារ។
ដំឡូងមីត្រូវបានដាំដុះនាដើមរដូវចាប់ពីខែមីនា និងប្រមូលផលជាបន្តបន្ទាប់ចាប់ពីខែកក្កដា ជារៀងរាល់ឆ្នាំ។ ដោយឡែក ពោតក្រហមត្រូវបានដាំដុះចាប់ពីខែមេសា ជាបន្តបន្ទាប់ និងប្រមូលផលចាប់ពីខែកក្កដា។
នៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ជូនអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលចំពោះជីវភាពរបស់ប្រជាពលរដ្ឋ ជាក់ស្តែងបានដាក់ចេញជាបន្តបន្ទាប់នូវកម្មវិធីហិរញ្ញប្បទានពិសេស ជាបន្តបន្ទាប់នាពេលកន្លងមក សម្រាប់ប្រមូលទិញស្រូវ និងកសិផលមូយចំនួនផ្សេងទៀតពីប្រជាកសិករនាពេលរដូវប្រមូលផលធំជារាងរាល់ឆ្នាំ។
ចំពោះដំណាំដំឡូងមី និងពោតក្រហម, ឯកឧត្តមបណ្ឌិត កៅ ថាច បាន អំពាវនាវដល់ពាណិជ្ជករ/ ឈ្មួញបន្តប្រមូលទិញដំឡូមីពីបងប្អូនកសិករ ហើយធនាគារ ARDB បន្តគាំទ្រផ្នែកឥណទាន។ ដើម្បីដោះស្រាយកង្វល់កង្វះទ្រព្យធានាបំណុលដោយបានប្រើប្រាស់ជាមួយគ្រឹះស្ថានធនាគារឯកជនអស់ហើយនោះ, ឯកឧត្តមបណ្ឌិតបានផ្តល់ជាជម្រើសដំណោះស្រាយតាមរយៈ (១) យន្តការ កិច្ចសន្យាត្រីភាគីលើប្រតិបត្តការទិញលក់ដំឡូងមី-ពោត (ឈ្មូញប្រមូលទិញ- ក្រុមហ៊ុននាំចេញ – ធនាគារ ARDB) ហើយលំហូរសាច់ប្រាក់ទូទាត់លើការប្រមូលទិញដំឡូងមី-ពោត ត្រូវធ្វើឡើងតាមរយ: ARDB Mobile App ។
កិច្ចសន្យាទិញលក់រវាងក្រុមហ៊ុននាំចេញ និងពាណិជ្ជករប្រមូលទិញដំឡូមី-ពោត ជាយន្តការជួយសម្រួលបន្ទុកដល់ពាណិជ្ជករ/ឈ្មួញប្រមូលទិញមិនមានទ្រព្យធានាបំណុល ក្នុងការទទួលបានឥណទានពី ធនាគារ ARDB។ និង (២) យន្តការយកសន្និធិដំឡូង និងពោតក្រហមស្ងួតដើម្បីធ្វើជាទ្រព្យធានាឥណទាន (ទំហំឥណទាន ៧០% នៃតម្លៃសន្និធិ) ដោយតម្រូវឱ្យមានកិច្ចសន្យាទិញ-លក់ច្បាស់លាស់ជាមួយក្រុមហ៊ុននាំចេញ និងឬក្រុមហ៊ុនកែច្នៃ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច បាន អំពាវនាវដល់បងប្អូនប្រើប្រាស់រូបិយវត្ថុជាតិគឺប្រាក់រៀល ក្នុងប្រតិបត្តិការទិញ-លក់កសិផលនៅតាមមូលដ្ឋានរាងៗខ្លួនដើម្បីកាត់បន្ថយនូវហានិភ័យនៃអត្រាប្តូរប្រាក់៕