ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីចូលរួមពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

នាព្រឹកថ្ងៃ ចន្ទ ១២ រោច ខែ មាឃ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ខែ កុម្ភៈ គ្រិស្តសករាជ ២០២ នៅអគារផ្សារមូលបត្រកម្ពុជា, ផ្សារមូលបត្រកម្ពុជា បានរៀបចំ ពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ពិធីចុះបញ្ជីលក់មូលបត្រជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ូ សុជាតិប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, ឯកឧត្តម លោកជំទាវ, អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី តំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល បានជម្រាបជូនអង្គពិធីថា មូលបត្របំណុល បានរួមចំណែក ៖ ទី១). រក្សាស្ថិរភាព និង ជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយផលិតភាព និង និរន្តរភាព, ទី២).កាត់បន្ថយការពឹងផ្អែកលើប្រាក់កម្ចីពីបរទេស, សំដៅទៅកាត់បន្ថយហានិភ័យបំណុលក្រៅប្រទេស, ការប្រែប្រួលអត្រាការប្រាក់, និង បញ្ហាប្តូររូបិយប័ណ្ណ ជាដើម, ទី៣). បង្កើនទំហំ និង ប្រភពហិរញ្ញប្បទាន របស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍ, ការធានាប្រសិទ្ធភាពនៃការវិនិយោគ, ការគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និង វិស័យអាទិភាព, ជាពិសេស ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និង ប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់លើវិស័យមូលបត្រ តាមរយ ការជំរុញការធ្វើនវានុវត្តយន្តការហិរញ្ញប្បទាន និង ផលិតផលហិរញ្ញវត្ថុ សំដៅគាំទ្រដល់ការវិនិយោគ និង ការធ្វើពិពិធកម្មសេដ្ឋកិច្ច ។

ជាលទ្ធផល តាមការព្យាករ, សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៦% ក្នុងឆ្នាំ ២០២៤ និង បន្តមានកំណើនថែមទៀត ដល់ ៦,៣%  សម្រាប់ឆ្នាំ ២០២៥ នេះ, ហើយការវិនិយោគឯកជននៅកម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានល្អប្រសើរ ឆ្លុះបញ្ចាំងតាមរយៈ ការអនុម័តគម្រោងវិនិយោគថ្មីៗ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំនួន ៤១៤ គម្រោង នៅឆ្នាំ ២០២៤ កើនឡើង ១៤៦ គម្រោង ធៀបនឹងឆ្នាំ ២០២៣ ។ កំណើនសេដ្ឋកិច្ច និង ការវិនិយោគនេះ នឹងធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរជាងមុន ព្រមទាំងបង្កើនទំនុកចិត្តដល់វិនិយោគិន លើផលិតផលមូលបត្រ កាន់តែច្រើនថែមទៀត ។

ឯកឧត្តម ស៊ូ សុជាតិ បានសម្តែងការអបអរសារទរដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានសម្រេចនូវការចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំបន្ថែមពីការបោះផ្សាយ និង ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ កាលពីខែ មិថុនា ឆ្នាំ ២០២០ ន្លងទៅនេះ ការណ៍នេះ បញ្ជាក់ឱ្យឃើញថា ទីផ្សារមូលបត្រកម្ពុជា កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើននៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង មូលបត្របំណុលតាមវិស័យរួមមាន សញ្ញបណ្ណបៃតង សង្គម និង ចីរភាព

ឯកឧត្តម ហុង សុហួរ បានមានប្រសាសន៍ថា អេស៊ីលីដា ភីអិលស៊ីបានធ្វើការកៀរគរទុនបន្ថែមទៀត តាមរយៈការបោះផ្សាយ និង ចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម ក្នុងចំណោមវិនិយោគិនគុណវុឌ្ឍិ ក្នុងទំហំប្រមាណ ៨៦ លានដុល្លារអាមេរិក ជាមួយនឹងឥណប្រតិទាន ឆ្នាំ ដោយផ្តល់ជូនអត្រាគូប៉ុង,៥% ក្នុងមួយឆ្នាំ គិតត្រឹមថ្ងៃនេះ, ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជី ចំនួន ២៤ ដែលរួមមាន ក្រុមហ៊ុនចំនួន ១១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និង ក្រុមហ៊ុនចំនួន ១៣ ទៀតបានចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម ដោយបានកៀរគរទុន ពីផ្សារមូលបត្រកម្ពុជា សរុបប្រមាណ ៤៧៥ លានដុល្លារអាមេរិក

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានជម្រាបជូនអង្គពិធីថា តាងនាមឱ្យថ្នាក់គ្រប់គ្រង និងកម្មករនិយោជិត នៃធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់, លោកបណ្ឌិតមានកិត្តិយស និង សេចក្ដីសោមនស្សក្រៃលែង ដែលធនាគារ អេស៊ីលីដា ទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា និង អនុម័តពីនិយ័តករមូលបត្រកម្ពុជា  ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំ ដែលមានទំហំទឹកប្រាក់ រហូតដល់ ៤០០ ពាន់លានរៀល (ប្រមាណជា ១០០ លានដុល្លារអាមេរិក)

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាភិបាលបានវាយតម្លៃខ្ពស់ដល់ភាគីពាក់ព័ន្ធ ដែលបានសហការ និង គាំទ្រ ដល់ការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាសមិទ្ធផលថ្មីមួយទៀត របស់ផ្សារមូលបត្រកម្ពុជា នៅដើមឆ្នាំ ២០២៥ នេះ ។

ដើម្បីពន្លឿនការអភិវឌ្ឍនៃផ្សារមូលបត្រកម្ពុជា ឱ្យរីកចម្រើនខ្លាំងក្លា,ឯកឧត្តមបណ្ឌិតសភាចារ្យ បានគាំទ្រ និង លើកទឹកចិត្ត ដល់ភាគីពាក់ព័ន្ធ បន្តសកម្មភាពផ្សព្វផ្សាយ និង បញ្ជ្រាបការយល់ដឹង ឱ្យបានកាន់តែទូលំទូលាយ, ជាពិសេស បង្កើនកិច្ចសហការជាមួយស្ថាប័នហិរញ្ញវត្ថុ, សមាគមធុរកិច្ចជាតិ និង អន្តរជាតិ ដើម្បីបង្កើតបណ្តាញទំនាក់ទំនង និង លើកទឹកចិត្តក្រុមហ៊ុនសក្តានុពលចូលរួម ឱ្យបានកាន់តែច្រើនបន្ថែមទៀត ។