ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី៖ «កីឡានាំមកនូវសុខភាព មិត្តភាព ចំណងការទូត​ និងសន្តិភាព» ថ្លែងក្នុងកិច្ចជំនួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)  បានអនុញ្ញាតឱ្យ ឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរ សម និងជម្រាបលាក្នុងពេលដែល ឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ចប់ការងារនិងអាណត្តិ នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅសាលសវនការ គ.ស.ម.ក. ។

ឯកឧត្តម Jang Yun Gon បានថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី និងបានកោតសរសើរចំពោះការរក្សាទំនាក់ទំនងយ៉ាងល្អ ជាមួយស្ថានទូតសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េកន្លងមករហូតដល់ពេលបច្ចុប្បន្ននេះ។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថាស្ថានទូតសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ គ.ស.ម.ក.។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការសោកស្ដាយដែលមិនបានចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ដែលរៀបចំដោយសហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអែហ្វ កម្ពុជា។  ឯកឧត្តមឯកអគ្គរដ្ឋទូត បានជូនពរ ឯកឧត្តមទេសរដ្ឋមន្រ្តី ទទួលបានលទ្ធផលជោគជ័យខ្ពស់ក្នុងការរៀបចំការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលចូលសម្ដែងការគួរសម និងជម្រាបលាក្នុងពេលដែល ឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ចប់ការងារនិងអាណត្តិ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏សម្ដែងការសោកស្ដាយដែល ឯកឧត្តមឯកអគ្គរដ្ឋទូត មិនបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ព្រឹត្តិការណ៍នេះនឹងបង្ហាញឱ្យឃើញថា «កីឡានាំមកនូវសុខភាព មិត្តភាព ចំណងការទូត​ និងសន្តិភាព»៕