ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញាខេត្តសៀមរាបបន្តចុះពិនិត្យអតីតយុទ្ធជនដែលខ្វះខាតផ្ទះរស់នៅ និងដីសម្បទានសង្គមកិច្ច

សៀមរាប៖ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ លើការងារសមាគមអតីតយុទ្ធជនរបស់ខេត្តសៀមរាប។

នាឱកាសនោះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។  

ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ចកាលតែងបានចុះជួបផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើឲ្យលោកមេឃុំ ចៅសង្កាត់ជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមទៀតថា ចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីត្រឹមត្រូវបញ្ជូនមកអគ្គលេខាធិការដ្ឋាន ដើម្បីសរុបស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន ដើម្បីផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនបងប្អូន៕