ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអញ្ជើញចុះផ្ទាល់ពិនិត្យការសម្របសម្រួលឆ្លើយតប និងអន្តរាគមន៍ទឹកស្រោចស្រពស្រែប្រាំងដែលរងគ្រោះដោយធម្មជាតិលើផ្ទៃដីស្រែប្រមាណ១១៣១ ហិចតា ស្ថិតក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់

នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរួមជាមួយអាជ្ញាធរខេត្តដែលជាសេនាធិការអោយថ្នាក់ជាតិនិងមន្រ្តីជំនាញ គ.ជ.គ.ម. កងកម្លាំងប្រដាប់អាវុធទាំងបី បានបន្តបេសកកម្មនិងមានឆន្ទៈខ្ពស់អញ្ជើញចុះផ្ទាល់ពិនិត្យការសម្របសម្រួលឆ្លើយតប និងអន្តរាគមន៍ទឹកស្រោចស្រពស្រែប្រាំងដែលរងគ្រោះដោយធម្មជាតិលើផ្ទៃដីស្រែប្រមាណ១១៣១ ហិចតារបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនបងប្អូនប្រជាកសិករ ពិសេសប្រជាកសិករកំពុងជួបប្រទះបញ្ហាការខ្វះទឹកស្រោចស្រពស្រែប្រាំងរបស់កសិករ។
ក្នុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ដែលបានចុះជួបជាមួយប្រជាកសិករ ក្នុងការពិនិត្យ និងឆ្លើយតបពីបញ្ហាដែលកំពុងប្រឈមដោយសារការកង្វះទឹកស្រោចស្រពដែលអាចខូចខាតដំណាំទាំងស្រុងរបស់កសិករ។
ទន្ទឹមគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំ និងលើកទឹកចិត្តដល់កសិករ ឱ្យចូលរួមចងក្រងជាសហគមន៍ទំនើបដែលប្រើប្រាស់ពូជផលិតក្នុងស្រុក ដែលមានក្រសួងពាក់ព័ន្ធជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីធានាដល់ការរក្សាបាននូវទិន្នផលខ្ពស់ទីផ្សារល្អ ដែលផ្តល់ភាពជឿជាក់និងទុកចិត្តបំផុតសំរាប់កសិករ។
ក្នុងពិធីសំណេះសំណាលនោះ តបតាមសំណូមពរប្រជាកសិករចំនួន ២១៥គ្រួសារ ថ្លែងអំណរគុណដល់ឯកឧត្តម ទេសរដ្ឋមន្រ្តី ឯកឧត្តម អភិបាលខេត្ត ដែលបានជួយឧបត្ថម្ភប្រេងចំនួន ១០០០ លីត្រ សម្រាប់បូមទឹកដាក់ស្រែរបស់ពួកគាត់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញបន្តការយកចិត្តទុកដាក់លើសកម្មភាពតាមដានពីទិន្នផលស្រែប្រាំង និងត្រៀមអន្តរាគមន៍ផ្តល់ទឹកស្រែប្រាំងរបស់កសិករឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការការខូចខាតដំណាំរបស់ពួកគាត៕