ឯកឧត្តមកិតិសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ចុះពិនិត្យតំបន់រាំងស្ងួតផលដំណាំស្រូវរបស់កសិករដែលខ្វះទឹកស្រោចស្រព និងខូចខាត មួយចំនួនស្ថិតក្នុងខេត្តបន្ទាយមានជ័យ និងខេត្តពោធិសាត់

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តអញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវរបស់កសិករដោយសារកង្វះទឹកស្រោចស្រព និងខូចខាតចំនួនជាង១ពាន់ហិកតា ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
រយះពេល២ថ្ងៃចាប់ពីថ្ងៃទី២៨.២៩ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តអញ្ជើញដឹកនាំក្រុមការងារ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យដំណាំស្រូវរបស់កសិករស្ថិតក្នុងឃុំចំនួន៤មានផ្ទៃដីស្រូវចំនួន១,៤៧០ហិកតារួមមាន ឃុំបត់ត្រង់ ឃុំសឿ ឃុំចំណោម និងឃុំរហាត់ទឹក៕ នៃស្រុកមង្គលបុរីនិងបន្តទៅពិនិត្យមើលនៅតបន់រាំងស្ងួតទៀតផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ដែលបានចុះជួបជាមួយប្រជាកសិករ ក្នុងការពិនិត្យ និងឆ្លើយតបពីបញ្ហាដែលកំពុងប្រឈមដោយសារការកង្វះទឹកស្រោចស្រពដែលអាចខូចខាតដំណាំទាំងស្រុងរបស់កសិករ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ពិនិត្យឃើញថាដំណាំស្រូវក្នុងឃុំចំនួន៤នេះ មិនអាចសង្គ្រោះបានឡើយ ដោយសារមិនមានប្រព័ន្ធធារាសាស្រ្តណាមួយដែលអាចជួយអន្តរាគមន៍ទឹកនោះទេ ខណៈអាជ្ញាធរខិតខំរកប្រភពទឹកពីការជីកអណ្តូង។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងលើកសំណើទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីរៀបចំគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដែលមានលទ្ធភាពស្តុកទឹក និងបញ្ជូនទឹកទៅដំណាំស្រូវរបស់កសិករក្នុងឃុំដែលប្រឈមនឹងកង្វះទឹកនេះ។ ជាក់ស្តែងឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បន្តអញ្ជើញដឹកនាំក្រុមការងារ ដែលមានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យដំណាំស្រូវរបស់កសិករដែលរងការខូចខាតស្ថិតក្នុងឃុំអូរតាប៉ោ និងឃុំស្វាយដូនកែវ ស្រុកបាកានខេត្តពោធិសត់ដើម្បីវាយតម្លៃផលប៉ះពាល់និងជួយសង្គ្រោះ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានពន្យល់ដល់បងប្អូនប្រជាកសិករនូវការគិតគូររបស់រាជរដ្ឋាភិបាល គឺតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការរៀបចំការបង្កបង្កើនផលស្រូវរបស់កសិករដែលតែងប្រឈមនោះទៅជាសហគមន៍កសិកម្មទំនើប ដើម្បីកសិករទទួលបានផលល្អ ព្រមទាំងអាចបង្កបង្កើនទៅតាមតម្រូវការទីផ្សារ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញបន្តការយកចិត្តទុកដាក់លើសកម្មភាពអន្តរាគមន៍ផ្តល់ទឹកស្រូវប្រាំងរបស់កសិករគ្រប់ៗគ្នា ដើម្បីបង្ការការខូចខាតសូវ។