ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិ IVS Vietnam ជួបពិភាក្សាគ្នាដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់អាហារូបករណ៍មន្រ្តីក្រសួង និងសិស្ស និស្សិតទៅបន្តការសិក្សានៅវៀតណាម

ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ស២ បានទទួលជួបប្រជុំពិភាក្សាការងារជាមួយ លោកបណ្ឌិត Pham Quang Long ប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិ IVS Vietnam និងជាប្រធានសហព័ន្ធរបាំតោវៀតណាម នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់អាហារូបករណ៍ដល់មន្ត្រីក្រសួងព័ត៌មាន និងសិស្ស និស្សិតទៅបន្តការសិក្សានៅប្រទេសវៀតណាម។
ឯកឧត្តម សុខ ប្រសិទ្ធិ បានលើកឡើង នូវពីចំណងមិត្តភាព និងកិច្ចសហប្រត្តិការ ល្អរវាងប្រទេសទាំងពីរ និងរំលឹកដល់កិច្ចការងារមួយចំនួនរបស់ក្រសួងព័ត៌មានកម្ពុជា និង VOV (Voice of Vietnam) ដែលជាវិទ្យុជាតិរបស់វៀតណាមបានសហការគ្នាល្អអស់រយៈពេលជាច្រើនឆ្នាំមកនេះ ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរព័ត៌មាន កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងពង្រឹងទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ។ ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គម្រោងការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសវៀតណាម មិនត្រឹមតែជួយឱ្យ សិស្ស និស្សិតទទួលបានការសិក្សាដែលមានគុណភាពទេ ប៉ុន្តែអាចជួយដល់ការពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម តាមរយៈការផ្តល់អាហារូបករណ៍ ផងដែរ។
តាមរយៈការពង្រឹងទំនាក់ទំនងដៃគូរវាង វៀតណាម និងកម្ពុជា មានសារៈសំខាន់ក្នុងការលើកកម្ពស់ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាពិសេស ការផ្តល់អាហារូបករណ៍ លើជំនាញបច្ចេកវិទ្យា វិស័យសារព័ត៌មាន និងការអភិវឌ្ឍន៍ប្រទេសជាតិ។ ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរអាចជួយឱ្យមានការផ្លាស់ប្តូរព័ត៌មានយ៉ាងឆាប់រហ័ស និងប្រសើរក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងវប្បធម៌។
លោកបណ្ឌិត Pham Quang Long បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងកម្ពុជា ហើយបានជម្រាបជូនអំពីសកម្មភាពរបស់សាលាអន្តរជាតិវៀតណាម (IVS) គឺជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលមានទីតាំងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ។
សាលា IVS បានផ្តល់ជូននូវកម្មវិធីសិក្សាដ៏ទូលំទូលាយមួយសម្រាប់ទាំងសិស្សវៀតណាម និងសិស្សអន្តរជាតិចាប់ពីថ្នាក់មត្តេយ្យសិក្សារហូត ដល់វិទ្យាល័យ។ លោកបណ្ឌិត បានបន្តថា សាលាអន្តរជាតិវៀតណាម (IVS) ផ្តល់ការបណ្តុះបណ្តាលយ៉ាងទូលំទូលាយនិងស៊ីជម្រៅចំនួន ៤ ផ្នែករួមមាន៖ ផ្នែកវប្បធម៌ វិធីសាស្រ្ត, ជំនាញសំខាន់ៗនៃសតវត្សរ៍ទី ២១, ជំនាញទេពកោសល្យ (តន្ត្រី គំនូរ សិល្បៈល្ខោន), ជំនាញកីឡា (សិល្បៈក្បាច់គុន កីឡាប្រពៃណី បាល់ទាត់ តៃខ្វាន់ដូរ ម៉ុងសាយ និងKungfu) ជាដើម ។
លោកបណ្ឌិត បានបញ្ជាក់ថា នឹងផ្តល់អាហារូបករណ៍ចំនួន ៦០នាក់ តាមរយៈសាលាអន្តរជាតិវៀតណាម បរិញ្ញាបត្រជំនាញកីឡា រយៈពេល ៣ឆ្នាំ និងមានការឧបត្ថម្ភ ជាកន្លែងស្នាក់នៅ និងហូបចុក ដែលស្ថិតនៅ ទីក្រុងហូជីមិញ។
ឯកឧត្តម សុខ ប្រសិទ្ធិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ និងបានសំណូមពរដល់ លោកបណ្ឌិត ស្នើសុំបង្កើនការកិច្ចសហប្រតិបត្តិការបន្ថែម ជាមួយបណ្តាសាកលវិទ្យាល័យផ្សេងៗទៀតនៅប្រទេសតាមរយៈការផ្តល់អាហារូបករណ៍បណ្តុះបណ្តាលសម្រាប់ក្រសួងព័ត៌មាន លើបច្ចេកវិទ្យាព័ត៌មាន និងសន្និសីទព័ត៌មាន ការបណ្តុះបណ្តាលផ្សេងៗទៀត ទាក់ទងនឹងវិស័យសារព័ត៌មាន។
លោកបណ្ឌិត Pham Quang Long បានឯកភាពរាល់សំណើរបស់ ឯកឧត្តម រដ្ឋលេខាធិការ ខាងលើ នឹងធ្វើកិច្ចសហប្រតិបត្តិការជាក្រសួងព័ត៌មាន ក្នុងវិស័យបច្ចេកវិទ្យាទំនើបកម្ម និងការផ្តល់អាហារូបករណ៍លើការបណ្តុះបណ្តាលបច្ចេកវិទ្យាឌីជីថលនៅប្រទេសកម្ពុជា ៕