ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាចំណែកហេដ្ឋារចនាសម្ព័ន្ធលើកកម្ពស់សេដ្ឋកិច្ច និងស្រូបទាញភ្ញៀវទេសចរណ៍

ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា មានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាចំណែកហេដ្ឋារចនាសម្ព័ន្ធលើកកម្ពស់សេដ្ឋកិច្ចនិងស្រូបទាញភ្ញៀវទេសចរណ៍ភាព ហើយការវិនិយោគដ៏អស្ចារ្យនេះសម្រាប់នាពេលអនាគតផងដែរ ។
ឯកឧត្តម Stefan Messerer លើកឡើងបែបនេះក្នុងពេលទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម Stefan Messerer បន្តថា៖ «អ្វីដែលឯកឧត្តមចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺការរួមបញ្ចូលរចនាបថ និងវប្បធម៌របស់ខ្មែរ ដែលជាចំណុចដ៏ល្អមួយ ហើយកម្ពុជាមានសក្ដានុពលច្រើន ហើយធុរកិច្ចអាល្លឺម៉ង នឹងមកសិក្សាពីវិស័យណាខ្លះក្នុងវិស័យផ្សេងៗទៀតមិនត្រឹមតែវិស័យហោះហើរប៉ុណ្ណោះទេដែលយើងអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។
អាល្លឺម៉ង់សិក្សាគម្រោងតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ ២០២៥ ដើម្បីជំរុញកំណើនទេសចរពីទីផ្សារអឺរ៉ុប ជាពិសេសទីផ្សារនិយាយភាសាអាល្លឺម៉ង់។
យោងតាមអាកាសចរស៊ីវិល នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាមផ្លូវអាកាសចំនួន ៦,២៤ លាននាក់ កើនឡើង ២២ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។ ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕