ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញចូលក្រាបថ្វាយបង្គំ ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

ឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដំណើរដោយឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញចូលក្រាបថ្វាយបង្គំសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ ពុទ្ធិកសាកលវិទ្យាល័ព្រះសីហនុរាជនិងព្រះមន្ត្រីសង្ឃព្រមទាំងសួរសុខទុក្ខ សាស្ត្រាចារ្យ មន្ត្រីនិងនិស្សិត នៅពុទ្ធិកសាកលវិទ្យាល័ព្រះសីហនុរាជ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២៥ ។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ បានមានព្រះថេរដីកាជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជ្រាបអំពី គម្រោងកសាងអគារសិក្សា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ កម្ពស់៤ជាន់ បណ្តោយ ២៣.៥៥ម៉ែត្រ ទទឹង ១៧.៥ម៉ែត្រ សម្រាប់គណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ សាស្ត្រាចារ្យ និងសមណនិស្សិត និស្សិត បាន បំពេញការងារ និងសិក្សារៀនសូត្របន្តចូលរួមចំណែកដ៏សំខាន់ក្នុងការជួយអភិវឌ្ឍធនធានមនុស្ស ជាឧត្តមប្រយោជន៍ សង្គមជាតិ និងសាសនាឱ្យមានភាពរីកចម្រើន។

សម្តេច ព្រះសាកលវិទ្យាធិការ បានមានព្រះថេរដីកាបញ្ជាក់ថា ការលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជន ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម មានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ បរិយាបន្ន គុណធម៌ ចរិយាធម៌ ភាពធន់ សុចរិតភាព វិន័យ ការទទួលខុសត្រូវខ្ពស់ និងការលើកកម្ពស់ស្មារតីមនសិការស្នេហាជាតិ ការពារបាត់ ឯកភាពជាតិ ការចេះយកអាសារគ្នា ការចែករំលែក ការចូលរួម គុណតម្លៃសង្គម និងស្មារតីគោរពច្បាប់ ស្រឡាញ់សន្តិភាព ក៏ដូចជាស្រឡាញ់វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ អំពើល្អ និងយុត្តិធម៌ សំដៅធានាសង្គមពុទ្ធិ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានមានប្រសាសន៍ប្រគេនសម្តេច ព្រះសាកលវិទ្យាធិការ ឲ្យបានជ្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើការអភិវឌ្ឍន៍មូលធនមនុស្សគឺជាបញ្ចកោណទី១ ដែលជាយុទ្ធសាស្ត្រាអទិភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍន៍ដែលក្នុងនោះរួមមាន៖ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ គណិតវិទ្យា និងការពង្រឹងការអប់រំ។  

ក្នុងឱកាសនេះ ជាការរួមចំណែកអភិវឌ្ឍន៍ធនធានចំណេះដឹងជាមួយ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដល់សមណនិស្សិត និស្សិត ពិសេសលើការងាររបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានប្រគេននៅសំភារៈមួយចំនួន ដែលជាតម្រូវការសម្រាប់ការិយាល័យទុកប្រើជាឧត្តមប្រយោជន៏ របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕