ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជម្រាបជូនមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ជូនគណៈប្រតិភូក្រុមវិនិយោគិនចិន នៃខេត្តហ៊ឺណាន ជាមូលដ្ឋានសម្រាប់ពិចារណា ក្នុងការសម្រេចចិត្តវិនិយោគនៅកម្ពុជា

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជម្រាបជូនមុខសញ្ញាវិនិ យោគជាអាទិភាពរបស់កម្ពុជា ជូនគណៈប្រតិភូក្រុមវិនិយោគិនចិន នៃខេត្តហ៊ឺណាន ជាមូលដ្ឋានសម្រាប់ពិចារណា ក្នុងការសម្រេចចិត្តវិនិយោគនៅកម្ពុជា
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នារសៀលថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជារបស់ គណៈអភិបាល ក្រុងចឹងចូវ នៃខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន ព្រមជាមួយគណៈប្រតិភូវិនិយោគិននៃខេត្តហ៊ឺណាន សរុបប្រមាណ ៥០ក្រុមហ៊ុន ដឹកនាំដោយ លោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលក្រុងចឹងចូវ។ ជំនួបនារសៀលនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ លោកឧកញ៉ា ឧញ៉ា មកពីសមាគមឧកញ៉ាកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការ ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏ដូចជា លោកស្រីអភិបាលរង នៃគណៈអភិបាលក្រុងចឹងចូវ ព្រមទាំងគណៈប្រតិភូអមដំណើរទាំងអស់ ដែលបានអញ្ជើញចូលរួមយ៉ាងកុះករនាឱកាសនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបានចំណាយពេលវេលាមកបំពេញទស្សកិច្ចស្វែងយល់ដោយផ្ទាល់អំពីបរិយាកាសវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន ដែលបង្ហាញឱ្យឃើញពីចំណងមិត្តភាព កម្ពុជា-ចិន ដ៏រឹងមាំស្អិតរមួតក្នុងនាមជាមិត្តដែកថែប។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងធំធេងនៃទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកំពុងបន្តរីកចំរើនកាន់តែរឹងមាំឥតឈប់ឈរថែមទៀត និងបានរំលេចដែរថា កម្ពុជា គឺពិតជាគោលដៅវិនិយោគមួយដ៏ប្រពៃ បើធៀបនឹងគោលដៅដទៃនៅក្នុងតំបន់។
ដើម្បីជាការបំភ្លឺបន្ថែមឱ្យកាន់តែប្រត្យក្សជូនដល់ គណៈប្រតិភូដែលមានវត្តមាននាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាមូលដ្ឋានសម្រាប់ពិចារណា ក្នុងការសម្រេចចិត្តវិនិយោគ និងជម្រាបអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគណៈប្រតិភូវិនិយោគិនគួរតែសិក្សាពិនិត្យលទ្ធភាព រួមមាន៖ រោងចក្រឧស្សាហកម្ម, ឧស្សាហកម្មយានយន្ត, ឧស្សាហកម្មអេឡិចត្រូនិក, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ថាមពលបៃតង, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, វិស័យអប់រំបណ្តុះបណ្តាល, វិស័យសុខាភិបាល, បច្ចេកវិទ្យាឌីជីថល, សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម(SMEs) និងសេវាកម្មផ្សេងៗ។
ជាការឆ្លើយតប លោកស្រីអភិបាលរង បានគោរពថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ប្រកបដោយមិត្តភាព និងការរៀបចំជំនួបពិភាក្សាដ៏មានសារៈប្រយោជន៍សម្រាប់គណៈប្រតិភូទាំងអស់ ពិសេស គណៈប្រតិភូវិនិយោគិនទាំង ៥០ក្រុមហ៊ុន ដែលចូលរួមក្នុងដំណើរទស្សនកិច្ចនេះ។ លោកស្រី បានយកឱកាសនេះជម្រាបដោយសង្ខេបអំពី ទីតាំងភូមិសាស្រ្តនៃក្រុងចឹងចូវ ព្រមទាំងសក្តានុពលនានាដែលជាភាពលេចធ្លោទាក់ទាញរបស់ទីក្រុង។ លោកស្រីក៏បានរំលេចជាពិសេសអំពី គម្រោងស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន ដែលត្រូវបាន រំពឹងថានឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មពិសេសលើ ផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្មបែបទំនើប។
តាមរយៈជំនួបនារសៀលនេះ មានក្រុមហ៊ុនមួយចំនួនបានធ្វើបទបង្ហាញអំពី ខ្សែច្រវ៉ាក់ផលិតកម្ម, បច្ចេកទេស, បច្ចេកវិទ្យា និងផលិតផលរបស់ខ្លួន ជូនដល់អង្គពិធីទាំងមូល ដើម្បីជាមូលដ្ឋានក្នុងការឈានទៅរកការចាប់ដៃសហការ ផ្គូផ្គងធុរកិច្ចជាមួយគ្នានាពេលអនាគត។ មុននឹងបញ្ចប់ជំនួបពិភាក្សា ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីជានូវការប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅ និងកាន់តែជិតស្និទ្ធថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងចូលរួមសហការអនុវត្តផែនការកសាងកម្ពុជាក្នុងយុគសម័យថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលចិន (២០២៤ – ២០២៨) ក៏ដូចជាកិច្ចសហប្រតិបត្តិការមួយចំនួនទៀតដូចជា “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” “ច្រករបៀងមច្ឆា និងអង្ករ” និង “ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល” ជាដើម៕