ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំដល់ប្រធានពន្ធនាគារខេត្តមណ្ឌលគិរីថ្មី ត្រូវចេះសាមគ្គីគ្នា និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការពង្រឹងគុណភាពការងារ ដើម្បីប្រែក្លាយជនជាប់ឃុំ ឱ្យទៅជាពលរដ្ឋល្អក្នុងសង្គម

មណ្ឌលគិរី៖ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តមណ្ឌលគិរី ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានដាក់ចេញផែនការសំខាន់ៗ ដល់ប្រធានពន្ធនាគារខេត្តមណ្ឌលគិរីថ្មី ក្នុងការពង្រឹងកិច្ចការងារក្នុងអង្គភាព ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ណែនាំដល់លោកប្រធានពន្ធនាគារខេត្តថ្មី ទី១. ត្រូវបន្តពង្រឹងប្រពៃណីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ រវាងថ្នាក់លើ និងថ្នាក់ក្រោម។ ទី២. ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងមន្ត្រីរាជការ មានការពង្រឹងវិន័យ ចេះសម្របសម្រួល តាមដានការងារ និងលើកទឹកចិត្តមន្ត្រីរាជការក្រោមឱវាទ ទី៣. ត្រូវយកចិត្តទុកដាក់ អនុវត្តការងារប្រកបដោយការឈ្លាសវៃ និងត្រូវមានចក្ខុវិស័យ សមស្របទៅលើសភាពការណ៍ទូទៅ ស្របតាមស្ថានភាព និងត្រូវដោះស្រាយ ឬស្នើសុំគោលការណ៍ដោះស្រាយឱ្យបានទាន់ពេលវេលា។ ទី៤. ត្រូវមានគំនិតផ្តួចផ្តើម និងភាពច្នៃប្រឌិតខ្ពស់ ធ្វើឱ្យការដឹកនាំបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ។ ទី៥. ត្រូវមានគំនិតស្វ័យសិក្សា និងស្វែងយល់ឱ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ។ ទី៥. ត្រូវអនុវត្តន៍ឱ្យម៉ឺងម៉ាត់ អភិក្រមទាំង៥ (១.ឆ្លុះកញ្ចក់ ២.ងូតទឹក ៣.ដុសក្អែល ៤.ព្យាបាល និង ៥.វះកាត់) របស់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានសូមសម្តែងនូវអំណរសាទរចំពោះ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ម៉ិញ រដ្ឋា ប្រធានពន្ធនាគារខេត្តមណ្ឌលគិរី សម្រាប់តួនាទីភារកិច្ចថ្មីនេះ និងការលើកទឹកចិត្តចំពោះបេសកកម្មនានា ដែលត្រូវបំពេញក្នុងការបំរើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងការងារអភិវឌ្ឍន៍អង្គភាព ការងារលើកទឹកចិត្តមន្ត្រីក្រោមឱវាទ ការងារថែរក្សា ការពារសន្តិសុខ សុវត្ថិភាពជូនជនជាប់ចោទ និងទណ្ឌិត និងការងារសំខាន់ៗផ្សេងៗទៀត ឱ្យបានល្អប្រសើរ។
លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ម៉ិញ រដ្ឋា ដែលទើបឡើងប្រធានពន្ធនាគារខេត្តថ្មី បានឡើងប្តេជ្ញាចិត្ត៖ ១- គោរព និងប្រតិបត្តិតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ពិសេសគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ៣- រៀនសូត្រអនុវត្តតាមគំរូដឹកនាំគ្រប់គ្រងដ៏ល្អ របស់ថ្នាក់ដឹកនាំពន្ធនាគារមុនៗ គួបផ្សំនឹងចំណេះដឹង បទពិសោធន៍ការងារផ្ទាល់ខ្លួន ក្នុងការគ្រប់គ្រងអង្គភាពឱ្យដំណើរការរក្សាបានសន្តិសុខសុវត្ថិភាព សុខភាព អប់រំស្តារនីតិសម្បទាជនជាប់ឃុំ ដើម្បីប្រែក្លាយពួកគេ ឱ្យទៅជាពលរដ្ឋល្អក្នុងសង្គម និងខិតខំអភិវឌ្ឍអង្គភាពឱ្យបានកាន់តែរីកចំរើនថែមទៀត។ ៤- ចូលរួមសហការអនុវត្តតួនាទីភារកិច្ច ក្នុងអង្គភាពដោយបង្កើនសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងសហការ ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីធានាបានសន្តិសុខសុវត្ថិភាព ការងារអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនជាប់ឃុំឱ្យបានល្អប្រសើរ៕ ស៉ីផុន ហ៊ុងគ្រី