ឧត្តមសេនីយ៍ឯក លឹម តុងហួត : យុវសិស្សក្នុងសាលាគឺជាវាគ្មិន ជាប្រឹក្សាផ្ដល់យោបល់ពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិច និងApp NoDrug ក្នុងគ្រួសារនិងសហគមន៍។

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះក្នុងសិក្ខាសាលាស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ដល់សិស្សានុសិស្សនៃសាលាអន្តរទ្វិបអាមេរិកាំងថ្នាក់ទី៧ ទី៨ ទី៩ ចំនួន៤០០នាក់ នៅសាខាជ្រោយចង្វារ នាថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៥ នេះ។
លោក ហ៊ុល សារុន នាយកចាងហ្វាងសាលាអន្តរទ្វីបអាមេរិកកាំងជ្រោយចង្វារបានថ្លែងស្វាគមន៍និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់នូវបញ្ហាផ្សេងៗពាក់ព័ន្ធនឹងគ្រឿងញៀនសាលាបានរៀបចំនូវសិក្ខាសាលាស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ជូនដល់សិស្សថ្នាក់ទី៧ ទី៨ ទី៩។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានពាំនាំនូវការកោតសរសើរ ថ្លែងអំណរគុណ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកសាលាអន្តរទ្វីបអាមេរិកាំងនិងគណៈគ្រប់គ្រងការិយាល័យកណ្ដាលដែលបានចូលរួមលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ដើម្បីពួកគេមានចំណេះដឹងគ្រប់គ្រាន់ក្នុងការចូលរួមសកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែសកម្មបន្ថែមទៀត។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តថា យុវសិស្សក្នុងសាលាគឺជាវាគ្មិន ជាប្រឹក្សាផ្ដល់យោបល់ ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិច និងApp NoDrug ក្នុងគ្រួសារនិងសហគមន៍របស់ពួកគាត់ ព្រោះថាពួកគាត់មានឱកាសចូលមកសិក្សាទទួលចំណេះដឹងផ្ទាល់ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិច និងអត្ថប្រយោជន៍ App NoDrug ដូច្នេះពួកគាត់នឹងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការបើកវេទិកាផ្សព្វផ្សាយដល់គ្រួសារក្នុងឱកាសជួបជុំផ្សេងៗមានដូចជាការហូបអាហាររួមគ្នាជុំជាមួយគ្រួសារជាដើម។ល។ ដើម្បីរួមគ្នាបង្ការនូវបញ្ហាខាងលើដែលនាំឱ្យប៉ះពាល់ដល់សុខភាពក៏ដូចជាអនាគតរបស់សមាជិកក្រុមគ្រួសាររបស់ពួកគាត់។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានសំណូមពរដល់អ្នកចូលរួមសូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិកដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនប្រើបារីអេឡិកត្រូនិកនិងរួមគ្នាផ្សព្វផ្សាយនិងប្រើប្រាស់App NoDrug : https://nodrugsnacd.com/download ដើម្បីរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានទាំងអស់គ្នា ” ការប្រើគ្រឿងញៀន-បារីអេឡិចត្រូនិច គឺសួត-ខួរក្បាលនឹងខ្ទាំខ្ទេចមើលលែងជា “។
វាគ្មិនឧត្តមសេនីយ៍ត្រី យិន យឿត ឧត្តមសេនីយ៍ត្រី ឈិន ភូមា បានបង្ហាញចែករំលែកជូនអ្នកចូលរួមនូវចំណេះដឹងទូទៅពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិចនិងការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។