ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា : ការរួមគ្នាកំណត់បាននូវមុខសញ្ញាអ្នកប្រើប្រាស់គ្រឿងញៀននឹងឆ្ពោះទៅរកឃើញនូវមុខសញ្ញាអ្នកជួញដូរគ្រឿងញៀន។

ខេត្តស្ទឹងត្រែង : ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះនៅក្នុងពិធីបិទសិក្ខាសាលាស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារនៃកិច្ចសហប្រតិបត្តិការអនុវត្តភូមិ ឃុំ ស គ្មានគ្រឿងញៀន នៅតំបន់ព្រំដែនកម្ពុជា-ថៃ-ឡាវ ក្រោមជំនួយ LOA ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ។

ក្នុងនាម ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងថា ការរួមគ្នាកំណត់បាននូវអត្តសញ្ញាណមុខសញ្ញអ្នកប្រើប្រាស់គ្រឿងញៀនរបស់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ សង្កាត់នឹងឆ្ពោះទៅរកឃើញនូវមុខសញ្ញាអ្នកជួញដូរគ្រឿងញៀន ព្រោះថាមានអ្នកជក់ទើបមានអ្នកលក់អញ្ចឹងទាមទារឲ្យយើងជាអាជ្ញាធរមូលដ្ឋានគ្រប់សមាសភាពទាំងអស់ត្រូវតែរួមគ្នាធ្វើយ៉ាងណាកំណត់នូវមុខសញ្ញាជនពាក់ព័ន្ធទាំងនោះឲ្យបានច្បាស់លាស់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានលើកឡើងបន្ថែមថាការកំណត់បាននៅមុខសញ្ញាអ្នកប្រើប្រាស់គ្រឿងញៀនយើងត្រូវតែរួមគ្នាផ្ដល់នូវកិច្ចអន្តរាគមន៍ជួយដល់ពួកគាត់ដើម្បីទទួលបាននូវសេវាព្យាបាលអ្នកញៀនគ្រឿងញៀននៅតាមមូលដ្ឋានសុខាភិបាលមានពេទ្យបង្អែកនិងមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់ពួកគាត់ផ្ទាល់ដែលមកដល់ពេលនេះនៅខេត្តស្ទឹងត្រែងមានរហូតដល់ ១៧កន្លែងហើយ។

ពីសិក្ខាសាលានោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានប្រាប់ឲ្យដឹងថាសិក្ខាសាលាមួយថ្ងៃនេះគឺសិក្ខាកាមទទួលបាននូវចំណេះដឹងសម្រាប់ដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានពីវាគ្មិនកម្ពុជា ថៃ មានយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការអប់រំ បង្ការ និងព្យាបាលអ្នកញៀនគ្រឿងញៀន អត្ថប្រយោជន៍និងការប្រើប្រាស់App NoDrug និងការចែករំលែករបស់ថៃនូវបទពិសោធន៍ថៃលើកិច្ចអន្តរាគមន៍ទៅលើក្រុមគោលដៅទាំង៦មាន:១.ក្រុមងាយរងគ្រោះក្នុងសេដ្ឋកិច្ចនិងសង្គម ២.ក្រុមក្រោយសមាហរណកម្ម  ៣.កុមារនិងយុវជន ៤.ក្រុមគ្រួសារ ៥.កម្មករ ៦.ប្រជាពលរដ្ឋទូទៅ ។