ឧត្តមសេនីយ៍ឯក ថោង សុគន្ធា ជំរុញឱ្យគ្រប់មជ្ឈដ្ឋាននៃសង្គមជំរុញការទាញយកនិងប្រើប្រាស់ App NoDrug

រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងវត្តមានឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ។
ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធាអគ្គលេខាធិការរងបានថ្លៃងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលបានអនុញ្ញាតឲ្យអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន ផ្ដល់នូវធាតុចូលក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីបានបង្ហាញពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានលើកយកមកបង្ហាញជូនពីស្ថានភាពគ្រឿងញៀន និងលទ្ធផលឆ្នាំ២០២៤ ដោយបានរំលេចអំពីគោលការណ៍ និងព្រឹត្តិការណ៍ថ្មីៗ ដែលក្នុងនោះ គឺការសម្របសម្រួល និងជំរុញការអនុវត្តគោលការណ៍សំអាតផ្ទះយើង ជំរុញចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀនជាចលនាជាតិដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋាននៃសង្គម បំផុសនិងជំរុញឱ្យប្រជាពលរដ្ឋទាញយកនិងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ការបង្រ្កាបករណីប្រើប្រាស់ទ្រង់ទ្រាយធំតាមរយៈការរាយការណ៍របស់ប្រជាពលរដ្ឋតាមរយៈ App NoDrug នៅខេត្តបន្ទាយមានជ័យ ការបង្រ្កាបបទល្មើសគ្រឿងញៀនធំៗ នៅកោះកុងនិងខេត្តបាត់ដំបង ផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ចំណុចការរៀបចំច្បាប់ស្តីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុដែលចាប់យក។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងបន្តថា ដោយសំណូមពរឲ្យគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់បំផុសការទាញយកនិងប្រើប្រាស់App NoDrug ជាមួយនេះអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងបន្តបំផុសឲ្យគ្រប់មជ្ឈដ្ឋានទាំងអស់ជំរុញការទាញយក និងប្រើប្រាស់ App NoDrug បន្តអនុវត្តតាមយុទ្ធសាស្ត្រ និងវិធានការយុទ្ធសាស្ត្រដែលបានដាក់ចេញ ការពង្រឹងយន្តការថ្នាក់ក្រោមជាតិ បន្តសម្របសម្រួល និងជំរុញការអនុវត្តបទបញ្ជាលេខ ០១ បប សំអាតផ្ទះយើងនិងយកចកចេញពីបឹង។