ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ
រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីបុណ្យមាឃបូជា ដែលនឹងត្រូវរៀបចំធ្វើនៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ)ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៥។
បុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្ដាពិធីបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា និងដែលប្រទេសកាន់ព្រះពុទ្ធសាសនានៅលើសកលលោកតែងតែប្រារព្ធធ្វើពុំដែលខាន។ ជារៀងរាល់ឆ្នាំពុទ្ធសាសនិកខ្មែរយើងតែងតែប្រារព្ធធ្វើបុណ្យមាឃបូជានៅគ្រប់វត្តអារ៉ាមទូទាំងប្រទេសដោយបានចាត់ទុកថាជាការបំពេញមហាកុសលដ៏ថ្លៃថ្លាបំផុត។
ពិធីបុណ្យនេះនឹងត្រូវប្រព្រឹត្តធ្វើរយះពេល២ថ្ងៃ គឺថ្ងៃពុធ ១៥កើត ខែមាឃ និងថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយពិធីបុណ្យសាសនានេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាល សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ។
ជាមួយគ្នានេះដែរលោកមេបញ្ជាការរង និងជានាយសេនាធិការ ក៏បានប្រជុំជាមួយជំនាញដែលមានការពាក់ព័ន្ធ ដើម្បីរៀបចំកម្លាំង មធ្យោបាយ សម្ភារៈ ចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥)ផងដែរ។
កិច្ចប្រជុំការងារសន្តិសុខនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះ អ.ហ.ផ.ទ និងមានភ្ជាប់ Video Conference ទៅបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥ និងសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថទាំង២។