អ្នករត់ដឹកជញ្ជូនភ្ញៀវតាមរយៈម៉ូតូរឺម៉កកង់បី និងរថយន្ត ត្រូវចូលរួមបណ្ដុះបណ្ដាល ដើម្បីចូលរួមលើកកម្ពស់បដិសណ្ឋារកិច្ចលើវិស័យទេសចរ

អ្នករត់ដឹកជញ្ជូនភ្ញៀវតាមរយៈម៉ូតូរឺម៉កកង់បី និងរថយន្ត ត្រូវចូលរួមបណ្ដុះបណ្ដាល ដើម្បីចូលរួមលើកកម្ពស់បដិសណ្ឋារកិច្ចលើវិស័យទេសចរ 

…………………

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរខេត្តព្រះសីហនុបានលើកឡើងថា ការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរបស់អាជីវករអ្នករត់ដឹកជញ្ជូនភ្ញៀវតាមរយៈម៉ូតូរឺម៉កកង់បី និងរថយន្ត គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់បដិសណ្ឋារកិច្ចលើវិស័យទេសចរ។

លោកប្រធានមន្ទីរទេសចរបានលើកឡើងដូចនេះនៅក្នុងវគ្គអប់រំបណ្ដុះបណ្ដាលស្ដីពីការទទួលបដិសណ្ឋារកិច្ចនិងការពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនទេសចរដោយមានការចូលរួមពី លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទី ស្នងការរងនគរបាលខេត្ត រួមជាមួយអាជីវកររត់ម៉ូតូកង់បីនៅមន្ទីរទេសចរខេត្តផងដែរ។

លោកប្រធានមន្ទីរក៏បានដឹងបន្ថែមថា ដោយអនុវត្តតាមផែនការរបស់មន្ទីរទេសចរនិងដោយមានការណែនាំពីរដ្ឋបាលខេត្តនិងក្រសួងទេសចរក្នុងគោលបំណង ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរ សេវាកម្មដឹកជញ្ជូនទេសចរក្រៅប្រព័ន្ធ មន្ទីរទេសចរបានសហការជាមួយស្នងការនគរបាលខេត្ត បើកវគ្គអប់រំបណ្ដុះបណ្ដាលស្ដីពីបដិសណ្ឋារកិច្ចសេវាកម្មដឹកជញ្ជូនទេសចរដល់អាជីវករអ្នករត់ម៉ូតូរឺម៉កកង់បី ពិសេសក្នុងការទទួលបដិសណ្ឋារកិច្ចដឹកជញ្ជូនភ្ញៀវតាមនាវាទេសចរខណៈពេលបច្ចុប្បន្នចំនួនភ្ញៀវមានការកើនឡើងគួរឲ្យកត់សម្គាល់។

វគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ ដើម្បីឲ្យប្រតិបត្តិករទេសចរទាំងអស់ដែលពាក់ព័ន្ធដល់ការបម្រើសេវាកម្មទេសចរគឺត្រូវតែចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលដើម្បីបង្កើនសមត្ថភាពចូលរួមលើកតម្កើនកិត្តិយសេវាកម្មទេសចរក៏ដូចជាការទាក់ទាញភ្ញៀវទេសចរដែលមកសម្រាកលំហែរកម្សាន្ត នៅក្នុងខេត្តព្រះសីហនុមានការពេញចិត្តនិងចង់មកម្ដងហើយចង់មកម្ដងទៀត។

មានប្រសាសន៍នាឱកាសនោះដែរ លោក សាមុត សុធារិទ្ធអភិបាលរងខេត្តក៏បានលើកឡើងផងដែរថា ខេត្តព្រះសីហនុយើងគឺជាខេត្តទេសចរដូចនេះតម្រូវឲ្យប្រតិបត្តិករប្រកបអាជីវកម្មលើវិស័យទេសចរ ពិសេសដល់អាជីវករដែលប្រកបរបរដឹកជញ្ជូនភ្ញៀវទេសចរទាំងអស់ត្រូវចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល ដើម្បីបង្កើនចំណេះដឹងក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរទាំងជាតិអន្តរជាតិដែលមកលេងកម្សាន្តនៅក្នុងខេត្ត។ លោកអភិបាលរងខេត្តក៏បានបញ្ជាក់បន្ថែមថា ការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនាពេលនេះគឺមានសារៈសំខាន់ចំពោះប្រតិបត្តិទទួលសេវាកម្មលើវិស័យទេសចរ អ្នករត់ម៉ូតូកង់បីនិងរថយន្តដឹកភ្ញៀវទេសចរ ដែលធ្វើឲ្យពួកគាត់ទទួលបានចំណេះដឹងពីគ្រូឧទេសក្នុងការទទួលបដិសណ្ឋារកិច្ចដឹកជញ្ជូនភ្ញៀវ។ ដោយខេត្តព្រះសីហនុនៅពេលបច្ចុប្បន្នកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិមានការកើនឡើងជាបន្តបន្ទាប់ដូចនេះទាមទារឲ្យបងប្អូនទាំងអស់ត្រូវចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលឲ្យបានគ្រប់ៗគ្នា ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរក្នុងខេត្តរបស់យើងកាន់តែល្អក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្ត៕