អ្នកនាំពាក្យ ក្រសួងបរិស្ថាន អះអាងថា ជាតិពុល ក្នុងខ្យល់ នៅកម្ពុជា មិនកើនឡើង ដល់កម្រិតធ្វើឲ្យព្រួយបារម្ភឡើយ

ឆ្លើយតបចំពោះ ក្ដីព្រួយបារម្ភ របស់ប្រជាពលរដ្ឋ ចំពោះកម្រិតគុណភាពខ្យល់ នៅរាជធានីភ្នំពេញ ក្រសួងបរិស្ថាន បានបញ្ចេញរថយន្ដចល័ត ដើម្បីពិនិត្យគុណភាពខ្យល់ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានអះអាងថា ការបំពុលខ្យល់ នៅក្នុងប្រទេសកម្ពុជា មិនទាន់កើនឡើងកម្រិត នៃការបង្កហានិភ័យធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈនោះទេ សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ចំពោះការចែកចាយនៅតាមបណ្ដាញសង្គម។
ឯកឧត្តម ខ្វៃ អាទិត្យា ត្បិតកំហាប់ភាគល្អិត នៃការបំពុលខ្យល់ នៅកម្ពុជា បានកើនឡើងដល់កម្រិតជាង៣០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបក្តី ប៉ុន្តែកម្រិតនេះមិនបង្កឲ្យមានផលប៉ះពាល់ ដល់សុខភាពសាធារណៈឡើយ។
ឯកឧត្តម អ្នកនាំពាក្យ ក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា កម្រិតនេះស្ថិតនៅក្រោមបន្ទាត់ក្រហមនៃការប្រកាសអាសន្ន ហើយក្នុងករណី នៅបន្ដកើនឡើង ក្រសួងបរិស្ថាន នឹងចេញជូនដំណឹង ដល់ប្រជាពលរដ្ឋជាបន្ដបន្ទាប់។
សូមបញ្ជាក់ថា តាមសេចក្តីជូនព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ការចុះអ័ព្ទនេះគឺចាប់ផ្តើមពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ចន្លោះចាប់ពីម៉ោង២៖០០រំលងអធ្រាត្រ ទៅម៉ោង៧៖០០ព្រឹក៕