អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនព្រះសង្ឃចំនួន៣៩០វត្តជាបន្តបន្ទាប់ សម្រាប់ទ្រទ្រង់វិស័យព្រះពុទ្ធសាសនា តាមរយៈ រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា
អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងថ្នាក់ដឹកនាំក្រសួង អញ្ជើញចុះពិនិត្យមើលស្ថានភាពតាមបណ្ដាវត្តមួយចំនួន ក្រោយពេលរដូវភ្ជុំបិណ្ឌ និងនាំយកអំណោយដ៏ថ្លៃថ្លាជាអង្ករ ទៅប្រគេនព្រះសង្ឃចំនួន៣៩០វត្តជាបន្តបន្ទាប់ សម្រាប់ទ្រទ្រង់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា។ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជាប្រគេនដល់ព្រះមន្រ្តីសង្ឃ និងពុទ្ធបរិស័ទទាំងអស់ដោយក្តីនឹករលឹក។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរដល់ ទីវត្តអារាមដែលនៅជនបទខ្សត់ពុទ្ធបរិស័ទ។ឯកឧត្តមបានបន្តទៀតថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅប្រកបដោយអនាម័យ ហូបស្អាត រស់នៅស្អាត ទន្ទឹមនោះឯកឧត្តមបានលើកឡើងអំពីអភិក្រមរបស់ក្រសួងធម្មការនិងសាសនា វត្ត ស ៣ គឺវត្តស្អាត វត្តស្វាង និងវត្តស្ងប់។នៅក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានប្រគេននូវទេយ្យទានដល់វត្តចំនួន ៣៩០វត្ត គណៈមហានិកាយ ៣៤៤វត្ត និងគណៈធម្មយុត្តិកនិកាយ ៤៦វត្ត នៅក្នុងមូលដ្ឋានខេត្តចំនួន២០របស់ព្រះរាជាណាចក្រកម្ពុជា ដោយក្នុង១វត្ត ទទួលបានអង្ករចំនួន៣០០គីឡូក្រាម ដែលជាសទ្ធាជ្រះថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ព្រះមេគណទាំង២០ខេត្ត តំណាងព្រះមន្រ្តីសង្ឃនិងពុទ្ធបរិស័ទ ទាំង៣៩០វត្ត មានក្តីរំភើបរីករាយ និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខព្រះសង្ឃនិងប្រជាពលរដ្ឋ នឹងសូមបួងសួងដល់វត្ថុសក្ដិសិទ្ធទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ដល់សម្ដេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមគ្រួសារទាំងមូលក្នុងឱកាសឆ្លងពិធីបុណ្យភ្ជុំបិណ្ឌនេះ ព្រមទាំងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទដោយ : លីឡា