អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តស្ទឹងត្រែងរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ជំងឺអេដស៍ មេរោគអេដស៍ គ្រោះថ្នាក់ចរាចរណ៍ បារីអេឡិចត្រូនិក និងលើកទឹកចិត្តចូលរួមប្រើApp NoDrug ក្នុងសាលារៀន និងសហគមន៍។

(ខេត្តស្ទឹងត្រែង)៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ តាមរយៈសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បារីអេឡិចត្រូនិច មេរោគអេដស៍ ជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលមានការចូលរួមពីសំណាក់មន្រ្តីនៃអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន២៣០នាក់ ស្រី១៥០នាក់។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តស្ទឹងត្រែងបានរួមគ្នាបង្ការទប់ស្កាតហានិភ័យបង្កដោតគ្រឿងញៀន ជំងឺអេដស៍ មេរោគអេដស៍ គ្រោះថ្នាក់ចរាចរណ៍ បារីអេឡិចត្រូនិច និងលើកទឹកចិត្តដល់បុគ្គលិកអប់រំព្រមទាំងសិស្សានុសិស្សសហការប្រើ App NoDrug ដើម្បីក្លាយខ្លួនជាជនបង្គោលក្នុងដំណើរការអភិវឌ្ឍមូលធនមនុស្សដ៏មានប្រសិទ្ធភាព។

ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំនិងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណចំពោះកិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រវរបស់ក្រសួងអប់រំ យុវជន និងកីឡា និងបានលើកឡើងថា បញ្ហាគ្រឿងញៀនគឺជាបញ្ហារួមរបស់យើងទាំងអស់គ្នាដែលតម្រូវឲ្យមានការចូលរួមពីគ្រប់សមាសភាព បង្ការទប់ស្កាត់កុំឲ្យរីករាលដាលក្នុងសហគមន៍ដែលក្នុងនោះយុវជនគឺជាកម្លាំងស្នូលជួយទៅដល់ការងារផ្សព្វផ្សាយ អប់រំ ផ្តល់ព័ត៌មានពិតដល់ក្រុមគ្រួសារក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងសហគមន៍ មិនទៅពាក់ព័ន្ធនឹងគ្រឿងញៀនដែលនាំទុក្ខដល់ខ្លួនឯង នាំចម្បែងដល់ក្រុមគ្រួសារ និងនាំបញ្ហាដល់សហគមន៍ ព្រមទាំងបានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ត្រូវជួយផ្សព្វផ្សាយនិងប្រើប្រាស់App NoDrug: https://nodrugsnacd.com/download_kh ដើម្បីចំណេះដឹង ព័ត៌មាន កំសាន្ត អប់រំ ព្យាបាល រាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ ។

ក្នុងនាមឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងឱកាសនោះ ឯកឧត្តម យឹម ផែន អភិបាលរង តំណាងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង បានថ្លែងពីការចូលរួមរបស់ខេត្តក្នុងលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍ គ្រោះថ្នាក់ចរាចរណ៍ បារីអេឡិចត្រូនិច  ហើយលោកបានលើកឡើងដើម្បីបំផុសឲ្យយុវជនចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននិងចូលរួមជួយនូវការងារមនុស្សធម៌ ការងារសង្គមនានាក្នុងទឹកដីខេត្តស្ទឹងត្រែង។

ថ្លែងក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា លោកជំទាវបណ្ឌិតសឿ សុជាតា បានបញ្ជាក់ថា មូលធនមនុស្សដែលមានប្រសិទ្ធភាពពិតឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ជាតិ ចាំបាច់ត្រូវមានសុខភាពល្អ ព្រោះសុខភាពគឺជីវិតហើយការអប់រំគឺការអភិវឌ្ឍ។ លោកជំទាវបណ្ឌិត បានថ្លែងអំណរដល់គណៈកម្មការនិងក្រុមការងារសុខភាពសិក្សាដែលបានចូលរួមគ្រប់សកម្មភាពដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីសុខភាពសិក្សា និងចូលរួមដោះស្រាយបានរាល់បញ្ហាផ្សេងៗពិសេសការគាំពាសុខភាពនិងអនាគតរបស់កុមារ/យុវជនរបស់យើង ដែលជាទំពាំងស្នងឬស្សី និងសូមអំពាវនាវដល់អ្នកចូលរួមទាំងអស់ឲ្យខិតខំបង្កើនការងារផ្សព្វផ្សាយអប់រំដែលជាការងារអាទិភាពគ្រប់បញ្ហាដើម្បីផ្ដល់ចំណេះដឹងនិងបំផុសការចូលរួមពីប្រជាពលរដ្ឋបន្ថែមទៀត ឆ្ពោះទៅជោគជ័យរួមគ្នាគឺកសាងបានសង្គមមួយដែលមានការរីកចម្រើន អភិវឌ្ឍលើគ្រប់វិស័យ ដោយគ្មានការញាំញីពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាសង្គមនានា។

វាគ្មិនគឺវេជ្ជបណ្ឌិត ស៊ឹង យ៉ាណាត ឧត្តមសេនីយ៍ត្រី យិន យឿត និងលោក រស់ អក្ខរា បានផ្ដល់ចំណេះដឹងដល់អ្នកចូលរួមពីវិធីសាស្ត្រ បច្ចេកទេសសំខាន់ៗ ក្នុងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន បញ្ហាមេរោគអេដស៍ ជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍និងសុវត្ថិភាពនៅលើដងផ្លូវ បារីអេឡិចត្រូនិច អត្ថប្រយោជន៍ជំរុញការទាញយកប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅចូលរួមទាំងអស់គ្នា ក្នុងគោលបំណងរួមគ្នាឱ្យអ្នកចូលរួមទាំងអស់អាចក្លាយជាជនបង្គោលសម្រាប់ក្រុមគ្រួសារនិងសហគមន៍របស់ពួកគេ។