អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)ស្តីពីកិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរ

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ នៃស្ថាប័នទាំងពីរ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធនៃដំណើរការកាត់ក្តីរបស់ អ.វ.ត.ក ដល់និស្សិតច្បាប់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. និងឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅមជ្ឈមណ្ឌលធនធាននៃអ.វ.ត.ក.។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការលើការចែករំលែក ចំណេះដឹង បទពិសោធផ្នែកច្បាប់ ការស្រាវជ្រាវ និងការអនុវត្តរបស់ អ.វ.ត.ក. ដល់និស្សិតមកពី NUM តាមរយៈ កម្មវិធីបណ្តុះបណ្តាលរួមគ្នា ការប្រកួតប្រជែងតុលាការប្រតិដ្ឋ (Moot Court) ដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការរវាងបណ្ណាល័យទាំងពីរ។
ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. បានបង្ហាញនូវសេចក្តីរីករាយក្នុងការសហការ ជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដោយឯកឧត្តមមានប្រសាសន៍ថា៖ “កិច្ចសហការរវាង អ.វ.ត.ក. និងសាកលវិទ្យាល័យជាតិគ្រប់គ្រង គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការចែករំលែកបទពិសោធនានា និង អនុញ្ញាតឱ្យនិស្សិតបានសិក្សាស្វែងយល់កាន់តែស៊ីជម្រៅអំពីឧក្រិដ្ឋកម្មអន្តរជាតិ តាមរយៈករណីសិក្សាដែលត្រូវ បាននិម្មិតឡើង និងតាមរយៈយន្តការនៃការអនុវត្តច្បាប់ស្រដៀងគ្នាផ្សេងទៀត។ ជាមួយគ្នានេះ និស្សិតនឹងទទួល បានចំនេះដឹងកាន់តែប្រសើរបន្ថែមទៀតតាមរយៈការងាររបស់អ.វ.ត.ក. ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការ លុបបំបាត់នូវវប្បធម៌និទណ្ឌភាព តាមរយៈការផ្តន្ទាទោសកម្រិតខ្ពស់បំផុតលើមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុស ត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ និងចូលរួមក្នុងការរក្សាសន្តិភាពនិងការផ្សះផ្សាជាតិ”។
ចំណែកឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បាន បង្ហាញក្តីសោមន្សរីករាយដោយបានលើកឡើងថា “ កិច្ចសហប្រតិបត្តិការជាមួយ អ.វ.ត.ក.នៅពេលនេះ គឺជា ឱកាសមួយក្នុងការជំរុញលើកទឹកចិត្តនិស្សិតមកចុះកម្មសិក្សានៅ អ.វ.ត.ក., ចូលរួមសិក្សាស្រាវជ្រាវពីសមិទ្ធផល ដែលជាមរតកប្រវត្តិសាស្ត្ររបស់ អ.វ.ត.ក. ដើម្បីយល់ដឹងកាន់តែច្បាស់ពីអំពើឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម, ចូលរួម ការពារសន្តិភាព, និងចូលរួមលុបបំបាត់នូវវប្បធម៌និទណ្ឌភាព ព្រមទាំងជួយជំរុញលើកទឹកចិត្តនិស្សិតក្នុងការចូល រួមប្រកួតប្រជែងតុលាការប្រតិដ្ឋថ្នាក់ជាតិ និងលើឆាកអន្តរជាតិ ជាពិសេសពង្រឹងការអប់រំផ្នែកច្បាប់របស់និស្សិត ក្នុងអាជីពលើការងារផ្នែកច្បាប់អន្តរជាតិ យុត្តិធម៌អន្តរកាល សិទ្ធិមនុស្ស និងការងារជនរងគ្រោះជាដើម”។
កន្លងមក អ.វ.ត.ក. និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ធ្លាប់បានសហការគ្នាប្រកបដោយភាពជោគជ័យ លើការរៀបចំកម្មវិធីប្រកួតសវនាការប្រឌិតថ្នាក់ជាតិស្តីពីច្បាប់មនុស្សធម៌អន្តរជាតិឆ្នាំ២០២៤ (IHL Moot Court Competition 2024) និងដោយមានការចូលរួមសហការរៀបចំពី ICRC។ ទន្ទឹមនឹងនេះដែរ និស្សិតមកពីសាកល វិទ្យាល័យជាតិគ្រប់គ្រងក៏ធ្លាប់បានចូលរួមយ៉ាងសកម្ម និងទទួលបានជ័យលាភី នៅក្នុងកម្មវិធីនៃការប្រកួតតុលាការ ប្រតិដ្ឋកម្ពុជា ដែលជាកម្មវិធីបង្កើតឡើងនិងរៀបចំដោយ អ.វ.ត.ក. កាលពីខែមីនា ឆ្នាំ២០២៥។
កំណត់ចំណាំចំពោះបណ្ណាធិការនិពន្ធអំពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) គឺជាសាលាក្តីកូនកាត់មួយដែលត្រូវបានបង្កើតឡើង ដើម្បីនាំមក នូវការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរបបខ្មែរក្រហម។ មានទីតាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ស្ថាប័ន អ.វ.ត.ក. បានរួមបញ្ចូលគ្នានូវគោលការណ៍ច្បាប់អន្តរជាតិ និងកម្ពុជា ដើម្បីកាត់ទោសជនល្មើសនៃបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរទាក់ទងនឹង អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម៕
អំពីអង្គជំនុំជម្រះសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) គឺជាសាកលវិទ្យាល័យសិក្សាមួយដែលផ្តល់ឱកាសឱ្យនិស្សិតទទួលបាននូវចំណេះដឹង ជំនាញ និងឥរិយាបទឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ តំបន់ និងអន្តរជាតិ តាមរយៈមធ្យោបាយអប់រំសម្បូរណ៍បែ ប។ សាកលវិទ្យាល័យនេះបានផ្តល់នូវកម្មវិធីបណ្តុះបណ្តាលដល់និស្សិតទាំងអស់ទៅលើជំនាញគ្រប់គ្រង, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ព័ត៌មានវិទ្យា, ច្បាប់ពាណិជ្ជកម្ម, ទេសចរណ៍, និងភាសាបរទេសអមដោយការស្រាវជ្រាវ និងការអភិវឌ្ឍនៅក្នុងការឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារការងារ។