អគ្គបណ្ឌិតសុភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ដឹកនាំកិច្ចប្រជុំ “ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” លើកទី២៥ អាណត្តិទី១

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២៥ អាណត្តិទី១ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ  ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ និងលោក ដែលជាសមាជិក-សមាជិកា នៃក្រុមប្រឹក្សា  អ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្រ ”  របស់និយ័តករមូលបត្រកម្ពុជា។

សេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្រ មានចក្ខុវិស័យប្រែក្លាយទីផ្សារមូលបត្រកម្ពុជាទៅជាទីផ្សារមួយដែលមានភាពសកម្ម និងសម្បូរបែប ព្រមទាំងប្រកបដោយវិជ្ជាជីវៈខ្ពស់ សម្រាប់ ចូលរួមគាំទ្ររាជរដ្ឋាភិបាលសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការរៀបចំនូវផែនទីបង្ហាញផ្លូវពេញលេញ សម្រាប់ការបន្តអភិវឌ្ឍទីផ្សារមូលបត្រ សំដៅធានាដល់ដំណើរការប្រកបដោយសណ្តាប់ធ្នាប់ តម្លាភាព ជវភាព ភាពធន់ ចីរភាព និងនវានុវត្តន៍ ស្របតាមនិន្នាការវិវត្តន៍ និងឧត្តមានុវត្តន៍ក្នុងតំបន់និងសកល។ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ និងគោលបំណងខាងលើ, សេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្របានកំណត់គោលដៅលើកកម្ពស់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា តាមរយៈការជំរុញការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តគន្លឹះ ៣ ជាសសរស្តម្ភ ដូចជា យុទ្ធសាស្រ្តពង្រឹងទីផ្សារមូលបត្រ យុទ្ធសាស្រ្តពង្រីកទីផ្សារមូលបត្រ និងយុទ្ធសាស្រ្តគាំទ្រការអភិវឌ្ឍទីផ្សារមូលបត្រ។ ជាមួយគ្នានេះ, ការរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តនេះក៏បានបន្ស៊ីទៅនឹងគោល-នយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ដូចជា យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០២៥-២០៣០ ជាដើម ព្រមទាំងការកំណត់នូវយន្តការត្រួតពិនិត្យ និងវាយតម្លៃ, ការរៀបចំនូវមូលធនមនុស្ស ធនធានហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យ និងផ្លែផ្កាខ្ពស់។

ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងផ្តល់ការឯកភាពជាគោលការណ៍នៅលើសេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្រ ជាមួយនឹងការណែនាំឱ្យកែសម្រួលបន្ថែមទៅតាមអនុសាសន៍របស់អង្គប្រជុំដែលបានលើកឡើងនិងសម្រេច មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។