អគ្គនាយកធនាគារ ARDB ជួបប្រជុំជាមួយសហគមន៍ព្រះប្រឡាយ និងសិប្បកម្មកែច្នៃស្វាយកែវរមៀតនៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ÷ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គ នាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី១៣ ខែមីនានេះ បានអញ្ជើញជួបប្រជុំជាមួយ តំណាងសហគមន៍ព្រះ ប្រឡាយ ដាំដុះស្វាយចន្ទី, ទីលានហាលនិងឃ្លាំង ព្រម ទាំងចុះពិនិត្យ មើលទីតាំងសិប្បកម្មកែច្នៃស្វាយកែវរមៀតស្ថិត នៅឃុំតាវ និងឃុំត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
នៅក្នុងកិច្ចប្រជុំរបស់ឯកឧត្តមបណ្ឌិត កៅ ថាច និងការសំណេះសំណាលជាមួយសហគមន៍ដាំដុះស្វាយចន្ទី គឺមានផ្ទៃដីដាំដុះ ទំហំប្រមាណ ៩០០ហិកតា ក្នុងនោះសមាជិកសរុបចំនួន ១៦០គ្រួសារ ហើយបច្ចុប្បន្នសមាជិកពួកគាត់មួយចំនួន របស់សហគមន៍កំពុងទទួលបាន និងប្រើប្រាស់ឥណទានពីធនាគារ ARDB ដើម្បីពង្រីក និងដាំដុះស្វាយចន្ទីផងដែរ។
បន្ទាប់ពីបានជួបពិភាក្សាផ្ទាល់ជាមួយសហគមន៍ និងស្តាប់មតិលើកឡើងរបស់ប្រជាពលរដ្ឋអ្នកដាំដុះចន្ទីរួចមកនោះ ឯកឧត្តមបណ្ឌិតក៏បានលើកជាអនុសាសន៍ ណែនាំបន្ថែមដល់សហគមចន្ទី ការគិតគូរថ្លៃដើមផលិត និងប្រើប្រាស់ បច្ចេកទេសបន្ថែមលើដំណំាចន្ទី ដើម្បីឲ្យទទួលបានផលកាន់តែច្រើនពោល អាចទាញផល ចន្លោះ ២តោនទៅ២,៥តោនក្នុង១ហិចតា ជាមួយនិងការរៀបចំឃ្លាំង សម្រាប់ស្តុកទុកឬហាលចន្ទី នៅពេលដែលតម្លៃចន្ទីធ្លាក់ចុះ ព្រោះនេះជាមធ្យោបាយដ៏ល្អដល់កសិករ ដើម្បីរក្សាតម្លៃបន្ថែម។
នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏ បានអញ្ជើញចុះពិនិត្យការស្តុកនិងហាលទុកចន្ទីមួយកន្លែងទៀត ស្ថិតក្នុងស្រុកអន្លង់វែង របស់ លោក សាន ឡុងហាក់ ដែលកំពុងប្រមូលទិញចន្ទីដំឡូងមី សណ្តែក សៀងពីកសិកររាប់សិបតោន នាំចេញទៅប្រទេសវៀតណាម និងថៃ ព្រមទាំងបង្ហាញពីស្ថានភាពទិញចន្ទីពីកសិករ ក្នុងតម្លៃ ៥៣០០រៀល ក្នុង ១គីឡូក្រាម និងតម្លៃដំឡូងមីស្ងួត ទិញក្នុងតម្លៃ ៥០០ រៀលក្នុង១ គីឡូក្រាមផងដែរ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះតានដាននិង ពិនិត្យមើលសកម្មភាពរបស់សិប្បកម្មកែច្នៃស្វាយកែវរមៀតមួយកន្លែងទៀតឈ្មោះលី ស្រីពៅ ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លុងវែង ជុំវិញការប្រមូលទិញស្វាយពីកសិករនិងម្ចាស់ចំការមកកែច្នៃ ក្នុងផ្ទៃដី ៣ពាន់ហិកតា និងកម្លាំងទិញស្វាយកែវរមៀត១ថ្ងៃជិត១០០តោនស្វាយស្រស់ សម្រាប់កែច្នៃនិងនាំចេញ។
សូមបញ្ជាក់ថា ការអញ្ជើញជួបកសិករនិងសមាគម ខាងលើរបស់ ឯកឧត្តមបណ្ឌិតប្រតិភូ ចាប់ផ្តើមចេញពីខេត្តកំពង់ធំ,ព្រះវិហារ និងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដើម្បីតាមដានសភាពការណ៍នៃការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទី ក្នុងខែមីនា និងសកម្មភាពទិញរបស់រោងចក្រ សហគ្រាសកែច្នៃនានា ព្រមទាំងឈ្មួញក្នុងស្រុក ពោលគិតត្រឹមថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ តម្លៃចន្ទី បានកើនឡើងចន្លោះតម្លៃ៥៣០០រៀលទៅ៥៤០០រៀល ក្នុង១គីឡូក្រាមនិងកន្លែងខ្លះប្រែប្រួលបន្តិចបន្ទួចតែប៉ុណ្ណោះ៕