ហេតុការណ៍រត់ជាន់គ្នានៅឥណ្ឌាក្រោយពីសម្រុកងូតទឹកទន្លេគង្គានៃពិធីបុណ្យ Maha Kumbh ខណៈអាជ្ញាធរធ្លាប់ត្រៀមកម្លាំងជាង៥ម៉ឺននាក់ បង្កើតមន្ទីរពេទ្យ១១ថ្មី បង្គន់១៥០.០០០ ដើម្បីទទួលមនុស្សជាង៤០០លាននាក់ដែរ

ប្រជាជនឥណ្ឌារាប់ម៉ឺននាក់ ដែលបាននឹងកំពុងសម្រុកទៅចូលរួមក្នុងពិធីងូតទឹកលាងបាបមួយនៃពិធីបុណ្យសាសនាដ៏ធំរបស់ពួកគេដែលមានឈ្មោះថា Maha Kumbh (មហា កុមបៈ) នៅភាគខាងជើងប្រទេសឥណ្ឌានៅថ្ងៃពុធនេះ បានបង្ករទៅជាហេតុការណ៍រត់ជាន់គ្នាមានទាំងមនុស្សរបួសនិងស្លាប់ ដែលធ្វើឱ្យអ្នកគោរពសាសនារាប់សិបនាក់កាន់តែភ័យស្លន់ស្លោរជាងមុន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នករងរបួសជាច្រើននាក់ត្រូវបានគេបញ្ជូនទៅព្យាបាល ខណៈក្រុមគ្រួសាររបស់ពួកគេតម្រង់ជួរនៅខាងក្រៅមន្ទីរពេទ្យជាបណ្តោះអាសន្ន ដើម្បីស្វែងរកព័ត៌មានអំពីសាច់ញាតិរបស់ពួកគេដែលបាត់ខ្លួននោះ។ ភាពទាក់ទាញដ៏សំខាន់នៃពិធីងូតទឹកតាមបែបសាសនានេះគឺមានអ្នកបួសនៃសាសនាហិណ្ឌូរាប់ពាន់នាក់បានលាបផេះលើខ្លួនរួចមកដល់ក្នុងក្បួនដង្ហែរដ៏ធំមួយឆ្ពោះទៅកាន់ចំណុចប្រសព្វនៃទន្លេគង្គារដើម្បីជ្រមុជទឹក ដែលពួកគេចាត់ទុកថាជាការលាងបាបក្នុងជាតិនេះ។
ពិធីបុណ្យ Maha Kumbh ដែលធ្វើឡើងរៀងរាល់១២ឆ្នាំម្តង ពិតជាកម្រ ណាស់ ដោយវាធ្លាប់ចាប់ផ្តើមតាំងពីថ្ងៃទី១៣ខែមករាមក ហើយវាជាការជួបជុំសាសនាដ៏ធំបំផុតរបស់ពិភពលោកដែរ។ អាជ្ញាធរក្នុងមូលដ្ឋានរំពឹងថាមនុស្សជាង៤០០លាននាក់នឹងមកទស្សនាកន្លែងធម្មយាត្រានៃចំណុចប្រសព្វនេះ។ មុនពិធីចាប់ផ្តើមអាជ្ញាធរក៏បានសាងសង់ទីក្រុងសំពត់តង់ដ៏ធំដែរនៅតាមមាត់ទន្លេ ដើម្បីទទួលភ្ញៀវទេសចរ ក្នុងនោះក៏មានផ្ទះបាយចំនួន៣០០០កន្លែងនិងបង្គន់ចំនួន១៥០.០០០ បូករួមទាំងផ្លូវបណ្តោះអាសន្ន អគ្គិសនី និងទឹក ប៉មទំនាក់ទំនង និងមន្ទីរពេទ្យចំនួន១១ដែរ ដែលមានបុគ្គលិកសន្តិសុខប្រហែល៥ម៉ឺននាក់នាក់ដែលបាននឹងកំពុងឈរជើងនៅក្នុងទីក្រុងនេះដើម្បីរក្សាសណ្តាប់ធ្នាប់ និងគ្រប់គ្រងហ្វូងមនុស្ស។ ហេតុការណ៍រត់ជាន់គ្នាគឺជារឿងធម្មតាទៅហើយនៅជុំវិញពិធីបុណ្យសាសនាធំៗរបស់ប្រទេសឥណ្ឌា ដែលមានហ្វូងមនុស្សច្រើនកុះករក្នុងតំបន់តូចៗថែមទៀតផង។ កាលពី១២ឆ្នាំមុន អំឡុងឆ្នាំ២០១៣ ក្រុមអ្នកធ្វើធម្មយាត្រាយ៉ាងតិច៤០នាក់ ដែលធ្លាប់បានចូលរួមក្នុងពិធីបុណ្យនេះត្រូវស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នាដូចគ្នាដែរ នៅឯស្ថានីយ៍រថភ្លើងក្នុងតំបន់ Prayagraj (ប្រាយ៉ាហ្រ្កាជ) ៕
សម្រួលអត្ថបទ៖ សុផារិន្ទ