ស្ថានីយ Smart Zero-Carbon ដំបូងបង្អស់របស់ពិភពលោកប្រចាំនៅទីក្រុង Tianjin កំពុងចូលរួមយ៉ាងសកម្មជាមួយប្រព័ន្ធ IA កាត់បន្ថយចំណាយលើការដឹកជញ្ជូនសរុបពី២០ ទៅ៣០%

Tianjin city port ឬ ទីក្រុងកំពង់ផែ Tianjin កំពុងក្លាយជាភាពទាក់ទាញថ្មី និងមានសារៈសំខាន់បំផុតសម្រាប់ចក្ខុវិស័យរបស់អ្នកទស្សនាជុំវិញពិភពលោក! កំពង់ផែ Tianjin គឺជាកំពង់ផែទំនើបដ៏ទូលំទូលាយមួយរបស់ប្រទេសចិន និងជាកំពង់ផែទឹកជ្រៅសិប្បនិម្មិតលំដាប់ខ្ពស់បំផុតរបស់ពិភពលោក។ ប្រសិនបើយើងក្រឡេកមើលពីភាពសកម្មនៃកំពង់ផែមួយនេះ គឺមមាញឹកនិងគគ្រឹកគគ្រេងខ្លាំងណាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ កំពង់ផែ Tianjin គឺជាពិតជាច្រកមួយដ៏សំខាន់ក្នុងចំណោមកំពង់ផែធំៗជាងគេនៅក្នុងប្រទេសចិន ដើម្បីបម្រើជាមជ្ឈមណ្ឌលដ៏សំខាន់តភ្ជាប់ជាមួយនឹងកំពង់ផែអន្តរជាតិជាច្រើនទៀត រួមទាំងកំពង់ផែនៃប្រទេសជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ឬ SCO (Shanghai Cooperation Organization)ផងដែរ។ ស្ថានីយកុងតឺន័រសូន្យកាបូនដ៏ឆ្លាតវៃនៅផ្នែក C នៃតំបន់កំពង់ផែ Beijiang ក្នុងកំពង់ផែ Tianjin ត្រូវបានតាមដានយ៉ាងជាប់ពីសំណាក់ក្រសែរភ្នែកអ្នកកាសែតអំពីសកម្មភាពលើកដាក់ ឬ បញ្ជូនកុងតឺន័រ ប៉ុន្តែពួកគេមិនបានប្រើកម្លាំងកម្មករណាម្នាក់នៅទីកន្លែងនោះទេ។ ដែលសកម្មភាពនេះត្រូវបានគេឲ្យឈ្មោះថា “ស្ថានីយ Smart Zero-Carbon Terminal” ដំបូងបង្អស់របស់ពិភពលោក ហើយរថយន្តស្ទូចកុងតឺន័រស្វ័យប្រវត្តិ និងរថយន្តដឹកជញ្ជូនគ្មានមនុស្សបើកបរបានធ្វើការយ៉ាងសកម្ម និង លឿន ដោយបានដឹកជញ្ជូន និងផ្ទុកកុងតឺន័រប្រកបដោយប្រសិទ្ធភាពក្រោមការគ្រប់គ្រងរបស់មន្ត្រីពាក់ព័ន្ធពីម៉ាស៊ីនកុំព្យូទ័ររបស់ពួកគេនៅក្នុងទីស្នាក់ការស្ថានីយមួយកន្លែង។ Smart Zero-Carbon Terminal នេះគ្រាន់តែជាឧទាហរណ៍មួយនៃវឌ្ឍនភាពដ៏សំខាន់ដែលប្រទេសចិនដដែលសម្រេចបានជោគជ័យ ក្រោមការជ្រោមជ្រែងពីសំណាក់លោកប្រធានាធិបតីចិន Xi Jinping ដោយប្រែក្លាយទីនេះពីកំពង់ផែធម្មតាទៅជាមជ្ឈមណ្ឌលបៃតង និងឆ្លាតវៃជាងមុន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ និងចក្ខុវិស័យអរិយធម៌អេកូឡូស៊ីឆ្នាំ ២០៦០ របស់ខ្លួន។ ប្រទេសចិនកំពុងបន្តសាងសង់ស្ថានីយស្វ័យប្រវត្តិច្រើនជាងប្រទេសណាៗទាំងអស់ ដោយនាំយកមកនូវជំនាន់ថ្មីនៃកំពង់ផែជិតសូន្យកាបូន និងទទួលបានកេរ្តិ៍ឈ្មោះជា “អ្នកដឹកនាំពិភពលោកក្នុងការច្នៃប្រឌិតកំពង់ផែ និងនិរន្តរភាព”។ កំពង់ផែនេះកំពុងស្ថិតក្នុងទំនាក់ទំនងយ៉ាងល្អផ្នែកពាណិជ្ជកម្មជាមួយកំពង់ផែជាង ៨០០ទៀតនៅក្នុងប្រទេស និងក្នុងតំបន់ជាង ២០០ ដោយប្រតិបត្តិការផ្លូវរថភ្លើងតាមច្រកសមុទ្រជាង៤០ ផ្លូវដឹកជញ្ជូនពហុមធ្យោបាយ និងមាន១៤៧ខ្សែសម្រាប់ដឹកជញ្ជូនកុងតឺន័រ។ ចាប់ពីខែមករាដល់ខែមេសាឆ្នាំ២០២៥ កំពង់ផែនេះសម្រេចបាននូវការដឹកជញ្ជូនទំនិញចំនួន ១៦២លានតោន ដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ១.២ %។ ទីក្រុង Tianjin បានដើរតួនាទីយ៉ាងសំខាន់ជាច្រកសម្រាប់ការផ្លាស់ប្តូរអន្តរជាតិនៅក្នុងតំបន់ភាគឦសានរបស់ប្រទេសចិន និងជាទីក្រុងកំពង់ផែធំជាងគេនៅភាគខាងជើងប្រទេសចិន។ តំបន់ថ្មី Binhai ដែលរួមមានកំពង់ផែ Tianjin និងសហគ្រាសបរិក្ខារវិស្វកម្មនៅឈូងសមុទ្រ គឺជាកម្លាំងនៃកំណើនសេដ្ឋកិច្ចរបស់ទីក្រុង Tianjin ។ វាស្ថិតនៅតាមបណ្តោយឈូងសមុទ្រ Bohai នៅភាគខាងកើត ហើយតភ្ជាប់ទៅកាន់ពិភពលោកតាមរយៈកំពង់ផែ Tianjin នេះតែម្តង ដែលជាកំពង់ផែដ៏ធំបំផុតនៅភាគខាងជើងប្រទេសចិន។ លក្ខណៈពិសេសទាំងនេះអាចបញ្ជាក់ពីរបៀបដែលទីក្រុងនេះបានប្រើប្រាស់ធនធានកំពង់ផែយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីជំរុញការបើកដំណើរការកម្រិតខ្ពស់ រួមបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងការអភិវឌ្ឍន៍ខ្សែក្រវាត់ និងផ្លូវ និងបង្កើនខ្លួនឯងក្លាយជាចំណុចស្នូលនៃយុទ្ធសាស្ត្រដ៏សំខាន់ដែលតភ្ជាប់ចរាចរពីក្នុងស្រុកនិងអន្តរជាតិ ដែលវាក៏ជាគុណសម្បត្តិលើភូមិសាស្ត្ររបស់កំពង់ផែ Tianjin ដែលប្រែក្លាយជាមជ្ឈមណ្ឌលយ៉ាងពេញចិត្តសម្រាប់លំហូរទំនិញនៅតំបន់អាស៊ីកណ្តាល បំពាក់នូវសេវារថភ្លើងដឹកទំនិញល្បឿនលឿនរួមជាមួយនឹងសេវាកំពង់ផែឆ្លាតវៃ គឺអាចកាត់បន្ថយការចំណាយលើការដឹកជញ្ជូនសរុបពី ២០ ទៅ ៣០% បាន៕

សម្រួលអត្ថបទ៖ Borinika Sopharin Em