សំណាង១ក្នុង១០០០គ្រោះថ្នាក់រំលងបាន១ខែមានករណីឆេះយន្តហោះ(Air Busan) មួយទៀតមុនពេលហោះឡើងលើអាកាសនៅកូរ៉េខាងត្បូង ប៉ុន្តែសង្រ្គោះបានទាន់ពេលវេលា

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានឆាបឆេះមុនពេលហោះឡើងលើអាកាស នៅឯបរិវេណអាកាសយានដ្ឋាន Gimhae ក្នុងប្រទេសកូរ៉េខាងត្បូងកាលពីល្ងាច ថ្ងៃអង្គារនេះ ប៉ុន្តែអាជ្ញាធរបាននិយាយថាមនុស្សទាំង ១៧៦នាក់នៅលើតួយន្តហោះ ត្រូវបានគេជម្លៀសចេញដោយសុវត្ថិភាពតាមរយៈជណ្តើរស្លាយ។

ក្រសួងដឹកជញ្ជូន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ Airbus នេះបានដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Air Busan អំឡុងកំពុងរៀបចំចាកចេញទៅកាន់ទីក្រុងហុងកុង ស្រាប់តែផ្នែកខាងក្រោយរបស់វាបានឆេះឡើងមុនពេលវាហោះឡើងលើអាកាស នៅឯអាកាសយានដ្ឋានអន្តរជាតិ Gimhae នៅភាគអាគ្នេយ៍ប្រទេស។ សេចក្តីថ្លែងការណ៍របស់ក្រសួងដដែលក៏បាននិយាយទៀតថា អ្នកដំណើរទាំងអស់នៅលើយន្តហោះសរុប១៦៩នាក់ សមាជិកអាកាយាននិក៦នាក់ និងវិស្វករម្នាក់ត្រូវបានគេជម្លៀសទាន់ពេលវេលា និង បាញ់ទឹកពន្លត់ណពីលើយន្តហោះយ៉ាងលឿនបំផុតដែរ។ ទីភ្នាក់ងារអគ្គីភ័យជាតិបាននិយាយថាក្នុងនោះមានមនុស្ស៣នាក់បានរងរបួសស្រាលអំឡុងពេលមានសកម្មភាពជម្លៀស។ ចំណែកភ្នាក់ងារពន្លត់អគ្គិភ័យបាននិយាយថា ភ្លើងត្រូវរលត់ជាស្ថាពរនៅវេលាម៉ោង១១និង៣១នាទីយប់ឯណោះ ប្រហែលមួយម៉ោងបន្ទាប់ពីបានដាក់ពង្រាយរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្រ្គោះនៅកន្លែងកើតហេតុ។ ភ្លាមៗនោះគេនៅមិនទាន់ដឹងពីមូលហេតុនៃអគ្គិភ័យនេះនៅឡើយទេ ប៉ុន្តែក្រសួងដឹកជញ្ជូនកូរ៉េបញ្ជាក់ថាយន្តហោះនេះគឺជាប្រភេទយន្តហោះ A321 របស់ Air Busan។ សូមបញ្ជាក់ថាឧប្បត្តិហេតុកាលពីថ្ងៃអង្គារនេះវាបានកើត ឡើងមួយខែបន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ Jeju Air បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Muan (ម៉ូអាន់)ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង ដោយបានសម្លាប់មនុស្សទាំងអស់ លើកលែងតែមនុស្សពីរនាក់ក្នុងចំណោម ១៨១នាក់នៅលើយន្តហោះ។ វាជាគ្រោះមហន្តរាយដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍របស់កូរ៉េខាងត្បូង។ យន្តហោះ Boeing 737-800 បានរអិលចេញពីផ្លូវរត់នៅអាកាសយានដ្ឋាន កាលពីថ្ងៃទី២៩ខែធ្នូ បន្ទាប់ពីឧបករណ៍ទម្លាក់កង់ចុះចតរបស់វាបរាជ័យនិង ជ្រុលទៅរបងបេតុងមួយទំហឹងបណ្តាលឲ្យផ្ទុះឆេះ ខណៈដែលជើងហោះហើរនោះបានត្រឡប់មកពីទីក្រុងបាងកក ហើយជនរងគ្រោះទាំងអស់គឺជាជនជាតិកូរ៉េខាងត្បូង និងមានជនជាតិថៃពីរនាក់ប៉ុណ្ណោះ។ របាយការណ៍ដំបូងស្តីពីការធ្លាក់យន្តហោះ ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទបាននិយាយថា អាជ្ញាធរបានបញ្ជាក់ពីដាននៃការវាយប្រហាររបស់បក្សីនៅក្នុងម៉ាស៊ីនរបស់យន្តហោះ ទោះបីជាមន្ត្រីមិនបានកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះពិតប្រាកដនៅឡើយដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ