សិល្បកររបស់កម្ពុជារំភើបរីករាយ ចំពោះវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំប្រតិភូចូលរួមលើកទឹកចិត្តដោយផ្ទាល់ក្នុងក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី

កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជុនកម្ពុជា (ស.ស.យ.ក.) បានដឹកនាំប្រតិភូកម្ពុជាមកចូលរួមលើកទឹកចិត្តដល់សិល្បកររបស់កម្ពុជាដែលមកចូលរួមសម្ដែងក្នុងក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។ មានវត្តមាននាឱកាសនោះរួមមាន លោកជំទាវ ដាំ ដារីនី អនុប្រធាន ស.ស.យ.ក ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. រួមទាំងសមាជិកប្រតិភូកម្ពុជាជាច្រើនរូបទៀត។

ការសម្ដែងរបស់កម្ពុជានៅក្នុងយប់ទីមួយនេះ បានបង្ហាញទស្សនីយយ៍ភាពមួយយ៉ាងអស្ចារ្យ និងប្លែកអារម្មណ៍ ជាមួយទម្រង់សិល្បៈចម្រុះ ដោយបូកបញ្ចូលនូវចង្វាក់ភ្លេងបែបថ្មី ជូនដល់នាយករដ្ឋមន្ត្រីសិង្ហបុរី ឡូរ៉ង់ វង់ (Lawrence Wong) និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដែលមានវត្តមានផ្ទាល់ និងទស្សនិកជនតាមបណ្តាញសង្គម។  នៅក្នុងការសម្ដែងនារាត្រីនោះ កម្ពុជាបានចូលរួមសម្ដែងក្នុងផែនតែមួយជាមួយប្រទេសចំនួន០៦ទៀតរួមមាន ប្រទេសឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន ម៉ិចស៉ីក សាធារណរដ្ឋកូរ៉េ  វៀតណាម និងប្រទេសម៉ាឡេស៊ី ហើយកម្ពុជាទទួលបានការគាំទ្រយ៉ាងក្លៀវក្លាតាមរយៈសម្លេងហូរកញ្ជៀវអបអរសាទរនូវការនាំយកសិល្បៈវប្បធម៌បុរាណខ្មែររួមបញ្ចូលជាមួយសិល្បៈសហសម័យមកសម្តែង។  ផ្ទាំងទស្សនីយភាពរបស់កម្ពុជាដែលបង្ហាញក្នុងឆ្នាំនេះមានចំណងជើងថា “ជីវិត”។