សិក្ខាសាលាស្តីពី ក្រុមការងារសហបង្កើតធុរកិច្ចកម្ពុជា-ជប៉ុន (WORKSHOP ON BUSINESS CO-CREATION TEAM)

នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ ឯកឧត្តម  អ៊ុអិណុ អាត់ហ្សូស៊ី(UENO Atsushi ) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ក្រុមការងារសហបង្កើតធុរកិច្ចកម្ពុជា-ជប៉ុន ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក.អ.ក. ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ, តំណាងលេខាធិការដ្ឋាន នៃគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនៃរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (AEM-METI Economic and Industrial Cooperation Committee – AMEICC), តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization – JETRO) និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ 

សិក្ខាសាលាខាងលើត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី លើកកម្ពស់ការឈ្វេងយល់អំពីការរៀបចំ និងការប្រព្រឹត្តទៅ ព្រមទាំងផែនការសកម្មភាព នៃក្រុមការងារសហបង្កើតធុរកិច្ចកម្ពុជា-ជប៉ុន(BCT) ដែលជាផ្នែកមួយនៃកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ដែលបានប្រកាសដាក់ចេញដ៏ខ្ពង់ខ្ពស់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម SHIGERU ISHABA នាយករដ្ឋមន្ត្រីជប៉ុន ក្នុងឱកាសដែលសម្តេចធិបតី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសជប៉ុនកាលពីឧសភា ឆ្នាំ២០២៥ កន្លងទៅ។

ជាមួយគ្នានេះដែរ តំណាង AMEICC ក៏បានធ្វើបទបង្ហាញអំពី ការស្រាវជ្រាវដែលមានចំណងជើងថា “សេចក្តីសង្ខេបនៃការស្រាវជ្រាវស្តីពីការជំរុញការទាក់ទាញក្រុមហ៊ុនជប៉ុនមកកម្ពុជា និងកិច្ចសហការដើម្បីលើកកែសម្រួលតុជប៉ុន (Japan Desk) ឱ្យក្លាយទៅជា ក្រុមការងារសហបង្កើតធុរកិច្ចកម្ពុជា-ជប៉ុន (Business Co-Creation Team – BCT)”  ដែលបានគូសបញ្ជាក់អំពីគំនិតផ្តួចផ្តើមដ៏សំខាន់មួយរវាងកម្ពុជា និងជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ កិច្ចខិតខំប្រឹងប្រែងក្នុងការកែសម្រួលតុជប៉ុន (Japan Desk) ទៅជាក្រុមការងារសហបង្កើតធុរកិច្ចកម្ពុជា-ជប៉ុន (BCT) នេះ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាពចម្បង នៅក្នុងកញ្ចប់កម្មវិធីបង្កើតធុរកិច្ចរួមសេដ្ឋកិច្ចកម្ពុជា-ជប៉ុន៕