សាលាអន្តរជាតិ ឆាង ស៊ឹង ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សាលាអន្តរជាតិ ឆាង ស៊ឹង ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

នាយកសាលាអន្តរជាតិ ឆាង ស៊ឹង លោក តូច អាន បានឲ្យដឹងដែរថា សាលាអន្តរជាតិ ឆាង ស៊ឹង ស្ថិតនៅក្រោមចក្ខុវិស័យមួយគឺ ក្លាយជាគំរូនៃការអប់រំសាកល ដោយយកគុណធម៌ជាគ្រឹះ និងកតញ្ញូតាធម៌ មេត្តាធម៌ ជាស្លាបទាំងពីរ។ សាលាអន្តរជាតិ ឆាង ស៊ឹង ផ្តល់ជូននូវការអប់រំ បណ្តុះបណ្តាល ជា៣ ភាសា មាន ភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស ជាពិសេស បានបញ្ចូលកម្មវិធីផ្សាយមេត្តាធម៌ គុណធម៌អប់រំចិត្ត និងអប់រំផ្នែកក្រមសីលធម៌ នៅក្នុងសកម្មភាពប្រចាំថ្ងៃផងដែរ។

លោកនាយក បានប្ដេជ្ញាថា នឹងនៅតែបន្ត និងបង្កើនកម្រិតគុណភាពអប់រំរបស់សាលា ឲ្យរឹតតែខ្លាំងឡើងៗ ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យរឹតតែមានគុណភាពឡើង និងបានអនុវត្តយ៉ាងខ្ចាប់ខ្ចួននូវគោលការប្រតិបត្តិស្តង់ដា ជាពិសេស ការប្រកួតប្រជែង នៅក្នុងស្រុក ឬក្រៅស្រុក ដោយសាលាអន្តរជាតិ ឆាង ស៊ឹង ជាសាលាដែលទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបរទេសថែមទៀតផង។

លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលជាអធិបតីក្នុងពិធីសម្ពោធនេះ បានថ្លែងថា ការវិនិយោគលើកវិស័យអប់រំនៅកម្ពុជា ពិសេសការវិនិយោគលើការអប់រំកុមារតូច គឺជាវិនិយោគទៅលើថ្ងៃអនាគត សុទ្ធតែត្រូវបានបណ្ដុះបណ្ដាលឲ្យក្លាយជាធនធានមនុស្សខ្លាំងរបស់កម្ពុជា ពោរពេញទៅដោយសមត្ថភាព មានចំណេះដឹងច្បាស់លាស់ និងមានសីលធម៌ល្អ ក្នុងសង្គមជាដើម។ លោកជំទាវ បន្តថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តចូលរួមគាំទ្រ នូវរាល់កិច្ចសហប្រតិបត្តិការអប់រំបែបនេះ ដោយរំពឹងថា សាលាអន្តរជាតិ ឆាង ស៊ឹង នឹងក្លាយជាគំរូ នៃកិច្ចសហប្រតិបត្តិការអប់រំ ឈានទៅសម្រេចសមិទ្ធផលជាច្រើនបន្ថែមទៀត រួមគ្នានាពេលអនាគត ជាពិសេស ការអប់រំ ជាមូលដ្ឋានសម្រាប់បង្កើតសង្គមសុខដុមភាព ដោយកតញ្ញូធម៌ មេត្តាធម៌ និងការបណ្តុះសីលធម៌ជារបស់ចាំបាច់។

លោកជំទាវ បានសង្កត់ធ្ងន់ថា កូនល្អ គឺជាមូលដ្ឋាននៃសង្គមល្អ ដោយសាលានឹងបង្កើតបរិយាកាស ដើម្បីពង្រីកការដឹងគុណចំពោះមាតាបិតា និងអ្នកមានគុណ តាមរយៈការតម្កល់វប្បធម៌កម្ពុជា-ចិន និងសកម្មភាពជាក់ស្តែងប្រចាំថ្ងៃ។ ក្រៅពីវិជ្ជាក្នុងសៀវភៅ សាលានឹងរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាជំនួយដល់ការសិក្សា ដើម្បីឆ្លើយតបទៅនឹងយុគសម័យឌីជីថល។

លោកជំទាវ បានលើកយកអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថា៖ គ្រឹះស្ថានអប់រំ ជាថ្នាលបណ្តុះធនធានមនុស្ស ដែលជាសរសរទ្រូងនៃការអភិវឌ្ឍប្រទេស។ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើវិស័យអប់រំក៏ត្រូវបានសាទរ ជាពិសេសការផ្តល់អាទិភាពដល់ការបណ្តុះគុណភាព និងសមត្ថភាពវិជ្ជាជីវៈដល់យុវជនគ្រប់ៗជំនាន់ ។