សាលាភូមិន្ទរដ្ឋបាល បើកវគ្គបណ្តុះបណ្តាល ដល់មន្ត្រីនៃក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពង្រឹងសមត្ថភាព

សាលាភូមិន្ទរដ្ឋបាល បើកវគ្គបណ្តុះបណ្តាល ដល់មន្ត្រីនៃក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពង្រឹងសមត្ថភាព

ឯកឧត្តម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាប្រធានក្រុមការងារទទួលបន្ទុកវគ្គបណ្តុះបណ្តាល មន្ត្រីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងឯកឧត្តម ឈឹម សៅគី រដ្ឋលេខា ធិការប្រចាំការនៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ នៅសាលាភូមិន្ទរដ្ឋបាល លើជំនាញរដ្ឋបាល និងការសរសេររបាយការណ៍ នាសហសាល នៃសាលាភូមិន្ទរដ្ឋបាល ។

 

ឯកឧត្តម ង៉ឺយ ធឿន បានមានប្រសាសន៍ថា ឈរលើអភិក្រមការងារដើម្បី៖ វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍  សាលាភូមិន្ទរដ្ឋបាល ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈចំណុះក្រសួងមុខងារសាធារណៈ  បានប្រកាន់ខ្ជាប់នូវគោលការណ៍បណ្តុះបណ្តាលប្រកបដោយគុណភាព និងតម្លៃ នៃគុណាធិបតេយ្យ ដោយបានផ្តល់ការយកចិត្តទុក

ដាក់កម្រិតខ្ពស់ ចាប់ពីដំណាក់កាលនៃការជ្រើសរើសសិស្សមន្ត្រី  និងកម្មសិក្សាការី រហូតដល់ពេលបញ្ចប់ការសិក្សា ព្រមទាំងបានធ្វើបច្ចុប្បន្នភាពជាប្រចាំនូវកម្មវិធីសិក្សាគ្រប់វគ្គបណ្តុះបណ្តាលដែលអាចឆ្លើយតបតម្រូវការធនធានមនុស្សរបស់  ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានបណ្តុះបណ្តាលនានា។ ឯកឧត្តម នាយករងសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍បញ្ជាក់ថា ស្ថិតក្នុងទស្សនវិស័យនេះ កម្មវិធីបណ្តុះបណ្តាលជំនាញរដ្ឋបាល និងការសរសេរបាយការណ៍ នឹងផ្តល់ជូនដល់សិក្ខាកាមមន្ត្រីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ នូវមុខវិជ្ជាសំខាន់ៗ រួមមាន “ការសរសេររបាយការណ៍ កំណត់សំយោគ និងប្រព័ន្ធរដ្ឋបាលកម្ពុជា” ។ ការរៀបចំកម្មវិធីសិក្សានេះ គឺឈរលើគោលដៅជាសារវន្តនៃទំនើបកម្មរដ្ឋបាលសាធារណៈ  ដែលជាផ្នែកដ៏សំខាន់នៃការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកម្ពស់គុណភាពការងារប្រកបដោយប្រសិទ្ធភាព   និងស័ក្ខិសិទ្ធភាព  ដោយផ្អែកលើវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល  ដើម្បីធានាបានថារាល់កិច្ចការសាធារណៈត្រូវបានប្រតិបត្តិដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងអាចព្យាករណ៍បាន ដោយត្រូវប្រកាន់ខ្ជាប់នូវការ គិតគូរផលប្រយោជន៍សាធារណៈជាធំ។ ជាការពិត ការបណ្តុះបណ្តាលមន្ត្រីរាជការនៃក្រសួងអភិវឌ្ឃន៍ជនបទ នៅសាលាភូមិន្ទរដ្ឋបាលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទ្រទ្រង់ការបំពេញតួនាទីសំខាន់ៗរបស់ក្រសួង ដោយរួមចំណែកពង្រឹងសមត្ថភាពមន្ត្រី ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងធ្វើឱ្យមានការផ្លាស់ប្តូរ ផ្នត់គំនិត ឥរិយាបថ ប្រកបដោយវិន័យ គុណភាព គុណធម៌ និងនវា នុវត្តន៍ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងអភិវឌ្ឃន៍ជនបទ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតស្របតាមការតម្រង់ទិសនៃផែនការយុទ្ធសាស្ត្របច្ចុកោណ ដំណាក់កាលទី១ដែលដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឈឹម សៅគី បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេស ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមសូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងសហការី ដែលបានសម្របសម្រួល និងរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះឡើងជូនដល់មន្ត្រីរាជការ និងជំនួយការ នៃក្រសួងអភិវឌ្ឍន៍ជនបទទាំង ១៦៨ រូប នាពេលនេះ។ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍បន្តថា វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការ និងជំនួយការនៅពេលនេះ គឺជាវគ្គទី១ ដែលក្រសួងអភិវឌ្ឍន៍ជនបទ និងសាលាភូមិន្ទរដ្ឋបាល សហការគ្នារៀបចំឡើង ដើម្បីពង្រឹង និងពង្រីកសមត្ថភាពមន្ត្រីរាជការក្នុងចំនួនមួយដ៏ច្រើនគឺ ១៦៨ រូប។ កិច្ចសហការនេះ សរបញ្ជាក់ឱ្យឃើញថា សាលាភូមិន្ទរដ្ឋបាល និងក្រសួងភិវឌ្ឍន៍ជនបទ កំពុងតែយកចិត្តទុកដាក់រួមគ្នានៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស នៃរាជរដ្ឋាភិបាល ក្នុងគោលដៅធានានូវប្រសិទ្ធភាព និង

ស័ក្តសិទ្ធភាពនៅក្នុងប្រព័ន្ធការងាររដ្ឋបាលសាធារណៈ ដោយឡែកក្នុងវិស័យអភិវឌ្ឍន៍ជនបទ។ ជាការពិតណាស់ វគ្គបណ្តុះបណ្តាលលើ ជំនាញរដ្ឋបាល និងការសរសេររបាយការណ៍នេះ មានសារៈសំខាន់ខ្លាំងណាស់នៅក្នុងបរិបទការងារបច្ចុប្បន្ន ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ ជារួម ជំនាញរដ្ឋបាល និងការសរសេររបាយការណ៍ ជាជំនាញស្នូល ដែលចាំបាច់សម្រាប់ភាពជោគជ័យក្នុងអាជីពការងារ។ ការអភិវឌ្ឍជំនាញទាំងពីរនេះ នឹងជួយបង្កើនឱកាសការងារ និងសមត្ថភាពក្នុងការរួមចំណែកដល់ការអភិវឌ្ឍស្ថាប័ន និងសង្គមជាតិទាំងមូល ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាល និងការសរសេររបាយការណ៍ ជូនមន្រ្តីរាជការក្រសួងអភិវឌ្ឍន៍ជនបទ នាពេលនេះ សរុបចំនួន១៦៨នាក់(ថ្នាក់កណ្តាលចំនួន ១១៨នាក់ និងថ្នាក់រាជធានី ខេត្ត ចំនួន ៥០នាក់) និងបែងចែកជា ៤ក្រុម។