“ សហគមន៍អេកូ ទេសចរណ៍ធម្មជាតិកោះទ្រង់ “ មន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មាន ប្រមាណជាង២០០នាក់ បានមកភ្លក់រសជាតិ ក្រូចថ្លុងកោះទ្រង់ មានភាពល្បីប្រចាំខេត្តក្រចេះ 

ផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចុះបញ្ជីសម្គាល់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ក្រូចថ្លុងកោះទ្រង់» ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មាន ជាង២០០នាក់ បន្តមកចុះសិក្សាស្វែងយល់ពីសក្តានុពលនានា នៅក្នុងសង្កាត់កោះទ្រង់ ខេត្តក្រចេះ ជាពិសេសភ្លក់ក្រូចថ្លុងកោះទ្រង់ ដែលមានរសជាតិ ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI)។ 

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូថា ចំពោះ ដំណាំផ្លែឈើនៅលើកោះទ្រង់ដែលមានការចាប់អារម្មណ៍ជាងគេ គឺក្រូចថ្លុង ដែលជាប់ជាផលិតផលសម្គាល់ភូមិសាស្ត្រ GI មានរសឆ្ងាញ់។ ចំណែកប្រជាជនអ្នកកោះទ្រង់ក៏រួសរាយរាក់ទាក់។ សម្រាប់ការអញ្ជើញមកទស្សនានៅលើកោះទ្រង់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរ គឺដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍នៅក្នុងស្រុក ខណៈនៅលើកោះទ្រង់មានទេសភាពស្អាត ការដាំដំណាំ វត្តអារាម ព្រមទាំងមានដើមរកាដែលមានអាយុជាង ១,០០០ឆ្នាំ កំពុងឈរបង្អួតខ្លួនរង់ចាំអ្នកទស្សនាមកពីគ្រប់ទិសទីនៅលើកោះទ្រង់នេះផងដែរ។ បន្ថែមពីលើភាពសម្បូរបែបនេះកោះទ្រង់ក៏មានមានវាលខ្សាច់ស្រស់ស្អាត ដែលជាទីគយគន់របស់ទេសចរណ៍ទាំងឡាយជាដើម។

តាមការបញ្ជាក់របស់លោក សំ បួយ ចៅសង្កាត់កោះទ្រង់ បានឱ្យដឹងថា នៅលើកោះទ្រង់ មានបងប្អូនប្រជាពលរដ្ឋ ដាំ ក្រូច ថ្លុង ៩០ភាគរយ លើផ្ទៃដី ប្រមាណជាង ៣០ហិកតា ដោយមានដើមក្រូចថ្លុងប្រមាណជាង ១មុឺនដើម ដោយ ក្នុងមួយ ដើម អាចមាន ផ្លែ យ៉ាងតិច ១០០ផ្លែ ក្នុង មួយឆ្នាំៗ។ ចំពោះការដាំដុះគឺមានលក្ខណៈធម្មជាតិ ១០០ភាគរយ ដោយសារ កោះទ្រង់គឺជាប្រភេទដីល្បាយខ្សាច់មានជីជាតិ និងមានភាពអំណោយ ផលដល់ដំណាំក្រូចថ្លុង ហើយមានរសជាតិផ្អែមខុសពីក្រូចថ្លុងនៅតំបន់ភូមិសាស្រ្តផ្សេងពីកោះទ្រង់ ។ លោកចៅសង្កាត់កោះទ្រង់ បានឲ្យដឹងដែរថា នៅឆ្នាំ២០២៥នេះ ក្រូចថ្លុងកោះទ្រង់ជួបបញ្ហាមួយចំនួន ដែលធ្វើឱ្យការទទួលផលមិនសូវបានល្អ ដោយសារបញ្ហាខ្វះទឹក ធ្វើអោយដីស្ងួត ។

ក្រូចថ្លុងកោះទ្រង់ អាចលក់បាននៅក្នុង ១គីឡូ តម្លៃ៧,០០០ ទៅ៨០០០រៀល តម្លៃបេះចេញពីដើម។ ផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចុះបញ្ជីសម្គាល់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ក្រូចថ្លុងកោះទ្រង់» ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ។

ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជតដ្ឋាភិបាលក្នុងមូលដ្ឋានខេត្តក្រចេះ ថ្លែងការសរសើរដល់សហគមន៍ទេសចរណ៍កោះទ្រង់ ដែលបានរៀបចំបដិសណ្ឋារកិច្ច របៀបរបបសម្រាប់ដំណើរអ្នកទេសចរនៅលើកោះបានល្អ ។ តាមរយៈនេះ ឯកឧត្តម ប្រធានក្រុមការងារបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ឬមកពីខេត្ត ក្រុងផ្សេងៗទៀត សូមអញ្ជើញមកទស្សនាកម្សាន្ត លេងសប្បាយនៅកោះទ្រង់។ 

សហគមន៍អេកូ ទេសចរណ៍ធម្មជាតិកោះទ្រង់ គឺជាកោះមួយដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិចប្រមាណ ១ គ.ម ។ កោះទ្រង់ជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង៥ នៃក្រុងក្រចេះ ខេត្តក្រចេះ ។ កោះនេះមានភូមិចំនួន២ មានផ្ទៃដីសរុបទំហំ ២២៣ហិចតា មានប្រជាពលរដ្ឋភាគច្រើនជាកសិករ ពីព្រោះកោះនេះដីសម្បូរទៅដោយដីមានជីវជាតិ អំណោយផលដល់វិស័យកសិកម្ម។

សហគមន៍អេកូ ទេសចរណ៍ធម្មជាតិកោះទ្រង់ បានក្លាយជាភូមិស្អាត មានអនាម័យ និងបរិស្ថានល្អ ជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ កោះទ្រង់មានផ្ទះស្នាក់សហគមន៍ ម្ហូបអាហារ សួនដាំបន្លែ  និងមានម៉ូតូឌុប  រទេះសេះ  រទេះគោ ជួលកង់ជិះកំសាន្តជំវិញកោះ មើលសត្វជ្រឹង មើលភូមិបណ្តែតទឺករបស់ជនជាតិវៀតណាម ហើយទេសចរក៍អាចធ្វើការប៉ោះតង់លើឆ្នេរខ្សាច់(ឆ្នេរផ្តើមស្នេហ៍)ដ៍ស្រស់ស្អាតដែលអាចមើលឃើញសម្រស់ក្រុងក្រចេះនាពេលរាត្រីផងដែរ៕