ខេត្តរតនគិរី ៖ ព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» ជាលើកដំបូងបង្អស់ដែលអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន រួមជាមួយមន្ទីរទេសចរណ៍ខេត្ត ដើម្បីពីបង្ហាញពីអត្តសញ្ញាណរបស់ខេត្ត រួមទាំងជនជាតិដើមភាគតិច។
ព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» រៀបចំឡើងរយៈពេល២ថ្ងៃ នៅបរិវេណគ្រួសារដំរីមាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ក្រោមការចូលរួមពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ និងអ្នកចូលរួមផ្សេងទៀតសរុបប្រមាណ១ពាន់នាក់។ ថ្លែងក្នុងឱកាសបើកព្រឹត្តិការណ៍ខាងលើ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន លើកឡើងថា កម្មវិធី «សម្លចាណាងឆ្នាំងយក្ស» ត្រូវបានរៀបចំឡើងដើម្បីបើកឱកាសឱ្យផ្នែកសាធារណៈ ឯកជន ប្រជាពលរដ្ឋ ជាពិសេស ភ្ញៀវទេសចរ កាន់តែយល់ច្បាស់អំពីសម្លចាណាង ដែលជាអត្តសញ្ញាណមួយសម្រាប់ខេត្តរតនគិរី ជាស្នាដៃ និងការនិយមចូលចិត្តរបស់បងប្អូនជនជាតិដើមភាគតិច។
ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោយអាជ្ញាធរខេត្តបានសង្កេតឃើញមានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលធ្វើឱ្យសម្លចាណាងត្រូវបានដាក់លក់តាមទីតាំងទេសចរណ៍ រួមទាំងភោជនីយដ្ឋាននានា។ នេះបើតាមលោកអភិបាលខេត្ត។ លោកក៏បង្ហាញការជឿជាក់ថា ការរៀបចំ នឹងក្លាយជាឱកាសវិសេសវិសាលមួយសម្រាប់លើកស្ទួយវិស័យទេសចរណ៍ ដែលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម អភិរក្សបរិស្ថាន បន្ថយភាពក្រីក្រ និងការអភិវឌ្ឍទេសចរណ៍កម្ពុជា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» ជាការឆ្លើយតបទៅនឹងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨ តាមរយៈការអភិវឌ្ឍផលិតផលទេសចរណ៍វប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រ៕