សម្តេច ម៉ែន សំអន សមិទ្ធិផល និងជោគជ័យថ្មីៗរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺមានការចូលរួមចំណែកយ៉ាងសំខាន់ពីស្រ្តីនៅគ្រប់អង្គភាព

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប អមជាមួយ នឹងកម្មវិធីប្រកាសគណៈកម្មការ សាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ដែលរៀបចំឡើង មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វា OCIC កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយលើកឡើងថា៖ “ស្ត្រី គឺជាភ្នាក់ងារដ៏សំខាន់ដែលមានតួនាទីធ្វើឱ្យសង្គមមានការផ្លាស់ ប្តូរ ប្រែមុខមាត់ថ្មី ។”

ឯកឧត្តម រដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការរួមចំណែករបស់ស្ត្រីក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ក្នុងឆ្នាំ២០២៤ កម្ពុជាមានរោចក្រធុនធំកំពុងដំណើរការចំនួន ២.៤២៥ ក្នុងនោះរោងចក្រធុនធំកើតថ្មីចំនួន ៣២៦ ដែលមានកម្លាំងពលកម្មស្ត្រីចំនួន ៨៥៤.៨១៩ នាក់ ក្នុងចំណោមកម្មករចំនួន ១.១៦០.១៨១នាក់។ សហគ្រិនស្ត្រីក៏ដើរតួយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ច ដោយបច្ចុប្បន្នកំពុងដឹកនាំ ឬជាម្ចាស់សហគ្រាសធុនតូចនិងមធ្យមចំនួន ៨.៣៤៧ មូលដ្ឋាន ដែលផ្តល់ការងារដល់ស្ត្រីជាង ១៤៥.០០០ នាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា៖“ទំហំផលិតផលរបស់កម្ពុជាដែល បាននាំចេញទៅក្រៅប្រទេស គឺមួយចំណែកធំ កើតចេញពី ថ្វីដៃ របស់ស្ត្រី ដែលជាកម្មការ នីកំពុង ធ្វើការ នៅតាម រោងចក្រ សហគ្រាស មូលដ្ឋានផលិតកម្មនៅគ្រប់ តំបន់ ទូទាំង ប្រទេស ហើយនេះ ជាគុណ បំណាច់ធំធេងរបស់ស្ត្រី ក្នុងការរួមវិភាគទានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។”

ឯកឧត្តម បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការគាំទ្រដល់ស្ត្រី តាមរយៈគោលនយោបាយនានា ដែលលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ ឱកាសសេដ្ឋកិច្ច និងតួនាទីជាអ្នកដឹកនាំ ដោយធានាថាស្ត្រីបន្តជាភ្នាក់ងារជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

ឯកឧត្តម ក៏បានលើកទឹកចិត្តស្ត្រីឱ្យពង្រឹងជំនាញ និងសមត្ថភាពរបស់ខ្លួន ព្រមទាំងអំពាវនាវដល់អ្នកដឹកនាំទាំងអស់ ឱ្យបង្កបរិយាកាសអំណោយផល ដើម្បីឱ្យស្ត្រីមានតួនាទីក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងតួនាទីដឹកនាំកាន់តែច្រើន។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងអាណត្តិទី៧ បានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ក្នុងនោះ ក្រសួងក៏បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកបដោយនិរន្តរភាព ធានាបានសុខដុមនីយកម្មសង្គម និងបរិស្ថាន និងលើក កម្ពស់សមភាព សមធម៌ យេនឌ័រ នៅក្នុងវិស័យរបស់ខ្លួន ដោយបានបង្កើនចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចនៅគ្រប់រចនាសម្ព័ន្ធរបស់ក្រសួង។

ទន្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមអបអរសាទរចំពោះ លោកជំទាវ ប្រាក់ ខុនដានី ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបានផ្តាំផ្ញើដល់សមាសភាពដែលបានប្រកាសកែសម្រួលបំពេញបន្ថែមថ្ងៃនេះ សូមបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដែលជាសេនាធិការឲ្យក្រសួងផែនការសម្រេចបានតាមផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹងស្ថាប័ននិងបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ៕