សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖សន្តិភាពជាកត្តាចម្បងក្នុងការកំណត់សិទ្ធិនិងតួនាទីរបស់ស្រ្តី

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖សន្តិភាពជាកត្តាចម្បងក្នុងការកំណត់សិទ្ធិនិងតួនាទីរបស់ស្រ្តី

——————————-

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា សន្តិភាពជាកត្តាចម្បងក្នុងការកំណត់ពីសិទ្ធិនិងតួនាទីរបស់ស្រ្តី។ មានសន្តិភាពទើបសិទ្ធិនិងតួនាទីរបស់ស្រ្តីនៅក្នុងសង្គមត្រូវបានលើកកម្ពស់និងការពារ។ នៅពេលប្រទេសជាតិជួបភ្លើងសង្រ្គាមតួនាទីនិងសិទ្ធិរបស់ស្រ្តីនឹងបាត់បង់មុនគេ។ ដូច្នេះការថែរក្សាសុខសន្តិភាពជាការចាំបាច់បំផុតរបស់ស្រ្តីក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប។ មានសន្តិភាព មានការអភិវឌ្ឍ មានសន្តិភាព ស្រ្តីនិងពលរដ្ឋទូទៅមានសិទ្ធិនិងសេរីភាពស្មើៗគ្នា ដូចពេលបច្ចុប្បន្ននេះ។ ក្រោមម្លប់សុខសន្តិភាពគ្រប់គ្នាមានសិទ្ធិ មានសេរីភាព ហើយសមភាពយេនឌ័រ ត្រូវបានការពារនិងលើកកម្ពស់ជានិច្ច។  

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការជានារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប »។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការជួបជុំនាពេលនេះ គឺដើម្បីអបអរសាទរនូវសមិទ្ធផលសំខាន់នានា ដែលស្រ្តីសម្រេចបាន តាមរយៈការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងការផ្តល់ភាពអង់អាចដល់ ស្ត្រី និងក្មេងស្រី នៅកម្ពុជា ក៏ដូចជាការសម្រេចបាន នូវកាតព្វកិច្ចរបស់កម្ពុជានៅថ្នាក់តំបន់និងសកល។ នៅក្នុងឱកាសដ៏រីករាយនោះ សម្តេចបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនអង្គពិធីផងដែរ។ សម្តេចបានគូសបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គទេសក៍សន្តិភាពនិងជាអគ្គមគ្គទេសក៍នៅក្នុងការលើកកម្ពស់សិទ្ធិស្រ្តីផងដែរ។ ចក្ខុវិស័យច្បាស់លាស់នេះបានកំពុងបន្តថែរក្សានិងការពារយ៉ាងមោះមុត ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងបន្តថា ចាប់តាំងពីក្រោយថ្ងៃរំដោះ រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រី ជាមួយនឹងក្របខ័ណ្ឌគោលនយោបាយនិងវិធានការជាក់ស្តែងនានា ដូចមានក្នុងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល ក្នុងអំឡុងពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅជានាយករដ្ឋមន្រ្តី បានចាត់ទុក«ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ ជួយស្រ្តីគឺជួយខ្លួនឯង»។ ការយកចិត្តទុកដាក់លើសមភាពយេនឌ័រនេះ បានបន្តកេរដំណែលដល់រាជរដ្ឋាភិបាលជំនាន់ថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដោយសម្តេចចាត់ទុកជាអាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី ១។ សម្តេចធិបតី បានមានប្រសាសន៍ផងដែរថា  «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ ក្រៅពីនេះ កម្ពុជាក៏មានពាក្យស្លោកជាច្រើនដែលលើកកម្ពស់ដល់ស្រ្តីផងដែរ ដូចជា “ជួយស្រ្តីគឺជួយខ្លួនឯង” “សមភាពថ្ងៃនេះដើម្បីអនាគតយូរអង្វែង” “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” និង “ស្រ្តីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ជាដើម។

ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានវាយតម្លៃខ្ពស់និងកោតសរសើរដោយស្មោះចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ដែលមានលោកជំទាវ ឡោក ខេង ជាប្រធាន និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រោមការដឹកនាំដោយឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ ដែលបានផ្តួចផ្តើមគំនិតរៀបចំឱ្យមានព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង។ 

ក្នុងសុន្ទរកថាស្វាគមន៍របស់ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការស្តីទីរដ្ឋសភានិងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានរដ្ឋសភា នៅក្នុងពិធីនេះ ជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្តេច ចំពោះសុខទុក្ខ ជីវភាពការងារ និងសុខុមាលភាពរបស់មន្រ្តីនារីគ្រប់រូបដែលជាទូទៅជួបបញ្ហាប្រឈមនិងឧបសគ្គនានាច្រើនជាងបុរស។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តថា សម្តេចប្រធានរដ្ឋសភាជានិមិត្តរូបនៃមាតាគ្រប់រូប ដែលគិតគូរថែរក្សាបុត្រាបុត្រី និងក្រុមគ្រួសារដោយមេត្តា ករុណា មុទិតានិងឧបេក្ខា ពោលគឺពោរពេញដោយក្តីស្រឡាញ់ សន្តោសប្រណី ដល់កូនគ្រប់ប្រាណ ស្មើៗគ្នាហើយមានចិត្តសោមនស្សរីករាយនៅពេលបុត្រាបុត្រីទទួលជោគជ័យនិងសុភមង្គល។

អគ្គលេខាធិការដ្ឋានរដ្ឋសភាមានបុគ្គលិកជានារីប្រមាណ ៤៥% នៃចំនួនមន្រ្តីរាជការសរុប។ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានផ្តល់ឱកាសនិងលើកទឹកចិត្ត ជូនមន្រ្តីរាជការជានារី ទទួលបានការបណ្តុះបណ្តាល និងតួនាទីដឹកនាំអង្គភាព ចំណុះស្ថាប័នដូចបុរសដែរ ដោយផ្អែកលើសមត្ថភាព ចំណេះ ជំនាញ និងបទពិសោធន៍។ បច្ចុប្បន្ននៅក្នុងអគ្គលេខាធិការដ្ឋាន មានមន្រ្តីជានារីកាន់តួនាទីជាអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន អធិការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងប្រធានផ្នែកជាដើម។