សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតថ្មីប្រទេសវៀតណាមប្រចាំនៅកម្ពុជា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ង្វៀន មិញវ៉ូ ( NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម សម្តេចប្រធានរដ្ឋសភាបានបង្ហាញក្តីសោមនស្សរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម ង្វៀន មិញវ៉ូ ដែលត្រូវបានរដ្ឋាភិបាលវៀតណាម ផ្តល់សេចក្តីទុកចិត្ត តែងតាំង  ជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។  សម្តេចបានលើកឡើងថា វត្តមានបេសកកម្មរបស់ឯកឧត្តម នៅពេលនេះ ស្របពេលដែលថ្នាក់ដឹកនាំបក្ស រដ្ឋនៃប្រទេសទំាងបី កម្ពុជា វៀតណាម និងឡាវ ទើបតែបញ្ចប់ជំនួបកំពូលនៅទីក្រុងហូជីមិញ កាលពីពេលថ្មីៗនេះ នៅក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទំាងបី ដែលជាអ្នកភូមិផងរបងជាប់គ្នា មានទំនាក់ទំនងជាប្រពៃណីនិងជាយូរលុងណាស់មកហើយ។

សម្តេចរដ្ឋសភាធិបតី មានជំនឿមុតមាំថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី នឹងខិតខំទ្វេដងថែមទៀត ដើម្បីលើកកម្ពស់ ពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានស្រាប់ ឱ្យកាន់តែស្អិតល្មួត ស៊ីជម្រៅ ធន់ និងទូលំទូលាយខ្លាំងឡើងថែមទៀត រួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ “ទំនាក់ទំនងមិត្តភាពជិតខាងល្អ ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយភាពរឹងមាំ យូរអង្វែងនិងគ្រប់ជ្រុងជ្រោយ” លើគ្រប់វិស័យទាំងការងារការទូតសភា ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគនិងវិស័យជាច្រើនទៀត។ 

ឯកឧត្តម ង្វៀន មិញវ៉ូ បានថ្លែងអំណរគុណ ជូនសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តមនិងសហការី បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនាឱកាសនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការចាប់អារម្មណ៍ខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក និងបានលើកឡើងថា ការបានបំពេញបេសកកម្មការទូតនៅកម្ពុជា ជាកិត្តិយសមួយរបស់ឯកឧត្តម។

ឯកឧត្តម ង្វៀន មិញវ៉ូ សង្ឃឹមថា សម្តេចប្រធានរដ្ឋសភាក៏ដូចជារដ្ឋសភាកម្ពុជាទំាងមូលនឹងបន្តផ្តល់កិច្ចសហការល្អជាមួយស្ថានទូតវៀតណាមដើម្បីឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ នាំមកនូវផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាង។ ឯកឧត្តមបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសវៀតណាមបានដាក់ទុនវិនិយោគនៅកម្ពុជាចំនួន៤០០គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារ។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា ជាមួយនឹងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសភាទាំងពីរនឹងត្រូវបានលើកកម្ពស់ ពង្រឹង និងពង្រីកកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយជាទឹកប្រាក់ចំនួន២៥លានដុល្លារក្នុងការសាងសង់អគារដ្ឋបាលថ្មីជូនរដ្ឋសភាកម្ពុជា។ អគាររដ្ឋបាលថ្មីដែលបានសម្ពោធជាផ្លូវការកាលពីចុងឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចនិង ឯកឧត្តម ជិន ថាញ់ មិន ប្រធានរដ្ឋសភាវៀតណាម នឹងដាក់ឱ្យដំណើរការជាផ្លូវការ នាខែមីនាខាងមុខនេះ ក្នុងឱកាសដែលរដ្ឋសភាកម្ពុជាប្រារព្ធកម្មវិធីអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី។ 

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងឯកឧត្តម ង្វៀន មិញវ៉ូ បានបញ្ជាក់ជំហររួមគ្នានៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងក្របខណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិដោយយកប្រជាពលរដ្ឋជាស្នូល ។ សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមឯកអគ្គរដ្ឋទូតសន្យាថានឹងខិតខំជំរុញឱ្យទំហំពាណិជ្ជកម្មប្រទេសទំាងពីរសម្រេចបានដល់២០ពាន់លានដុល្លារក្នុងពេលខាងមុខនេះ៕