សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី កំពុងតែទទួលបានការគាំទ្រច្បាស់លាស់ពីរាជរដ្ឋាភិបាលកម្ពុជា និងគ្រប់ស្ថាប័នពាក់ព័ន្ធ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី កំពុងតែទទួលបានការគាំទ្រច្បាស់លាស់ពីរាជរដ្ឋាភិបាលកម្ពុជា និងគ្រប់ស្ថាប័នពាក់ព័ន្ធ
ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកសភា និងមន្ត្រីរាជការនារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលប្រារព្ធឡើងនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីសមិទ្ធផលសំខាន់ៗដែលស្រ្តីបានសម្រេចដោយការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង ហើយការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី កំពុងតែទទួលបានការគាំទ្រច្បាស់លាស់ពីរាជរដ្ឋាភិបាលកម្ពុជា និងគ្រប់ស្ថាប័នពាក់ព័ន្ធ។
សម្តេចបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលគេស្គាល់ថាជាអគ្គមគ្គទេសក៍សន្តិភាព និងជាអ្នកលើកកម្ពស់សិទ្ធិស្រ្តី សន្តិភាពនៅកម្ពុជា ត្រូវបានថែរក្សា និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី ៧។ កម្ពុជាបានអនុវត្តនូវយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល និងយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី ១ ដើម្បីលើកសិទ្ធិស្រ្តីឡើងកម្រិតថ្មី ក្រោមគោលការណ៍ “ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ” និង “ជួយស្រ្តីគឺជួយខ្លួនឯង”។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ក្រុមសភាជាតិកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានសហការរៀបចំពិធីនេះ ដើម្បីបង្ហាញពីសំខាន់ភាពនៃសិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប។