សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីជំហរដោះស្រាយបញ្ហាព្រំដែនកម្ពុជា–ថៃ តាមសន្តិវិធី ប៉ុន្តែរក្សាសិទ្ធិការពារបូរណភាពទឹកដី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១ ខែមិថុនានេះ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ពកម្ពុជា នៅតំបន់ព្រំដែនជាប់ប្រទេសថៃ បន្ទាប់ពីត្រឡប់មកពីបេសកកម្មក្រៅប្រទេស ដើម្បីស្តាប់របាយការណ៍ស្ថានភាពពិតប្រាកដនៅតាមព្រំដែន។
ក្នុងឱកាសនេះ សម្តេចធិបតីបានបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់យកនូវសន្តិវិធីជាអាទិភាព ក្នុងការដោះស្រាយបញ្ហាព្រំដែន តាមរយៈ យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ។ សម្តេចបានណែនាំឲ្យគណៈកម្មការព្រំដែនចម្រុះ (JBC) រៀបចំកិច្ចប្រជុំជាមួយភាគីថៃ ដើម្បីបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់ដែលមិនទាន់ឯកភាពគ្នា។
ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុសនូវចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខ។
សម្តេចបានបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ មានសកម្មភាពជ្រុលនិយមពីមួយចំនួនបានបំផុសនូវចលនាជាតិនិយម នៅក្នុងប្រទេសទាំងពីរ ដែលអាចបង្កហានិភ័យនៃការប្រឈមមុខឡើងវិញ។ ដូច្នេះ សម្តេចបានផ្ដល់នូវគោលការណ៍ណែនាំដល់ភាគីកម្ពុជាឲ្យបន្តអនុវត្តយុទ្ធសាស្ត្រដោះស្រាយជម្លោះដោយសន្តិវិធី ប៉ុន្តែបញ្ជាក់ថា កម្ពុជានឹងរក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងការការពារបូរណភាពទឹកដី ប្រសិនបើមានការឈ្លានពានដោយកម្លាំងយោធា។
សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា៖“បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការឈ្លានពានបូរណភាពទឹកដីដោយប្រើកម្លាំងយោធា”។