សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គាំទ្រការបញ្ជ្រាបយ៉ែនឌ័រ ចូលក្នុងវិស័យអាទិភាពទាំង៨ របស់ក្រសួងអធិការកិច្ច

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅទីស្តីការក្រសួងអធិការកិច្ច នារព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។
បន្ទាប់ពីស្តាប់នៅរបាយការណ៍របស់លោកជំទាវ វង់ មយូរា ប្រធានក្រុមការងារបញ្ជាបយេនឌ័រក្រសួងអធិការកិច្ច ដែលបានលើកឡើងពីការរីកចំរើន និងសកម្មភាព ទាំងឡាយដែលក្រុមការងារបានធ្វើកន្លងមក ក្នុងរបាយការណ៍សង្ខេបស្តីពីសកម្មភាពយេនឌ័រ ឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច និងការអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដោយលោកជំទាវ តំណាងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រួចមក។
តាមសន្ទរកថាស្វាគមន៍របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគូសបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា រៀបចំឡើងដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិសេរីភាព និង ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា និងបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិង ក្មេងស្រីគ្រប់រូប។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៥នេះ ពិភពលោកទាំងមូល រួមទាំងកម្ពុជាផងដែរ រៀបចំទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ក្នុងគោលបំណង ជំរុញការការពារសិទ្ធិស្ត្រី និងក្មេង ការលើកកម្ពស់ សមភាពយេនឌ័រ និងជំរុញភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប ដើម្បីទាញយកអត្ថប្រយោជន៍ នៃការចូលរួមរបស់ស្ត្រី ក្នុងកំណើនសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍន៍សង្គមប្រកបដោយ សមធម៌ បរិយាបន្ន និងចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ បញ្ជាក់ថា ការរៀបចំទិវាអន្តរជាតិនារី ៨មីនា ឆ្នាំនេះ បានផ្សាភ្ជាប់ជាមួយនឹងការ អបអរសាទរខួប៣០ឆ្នាំ នៃសន្និសិទពិភពលោក លើកទី៤ ស្តីពី ស្ត្រី ដែលបានអនុម័តសេចក្តី ថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង នៅឆ្នាំ១៩៩៥ ដោយមានការចូលរួមពីបណ្តា ប្រទេស សរុបចំនួន ១៨៩ប្រទេស។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងអណត្តិទី ៧ តាមរយៈ ការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍវិស័យអធិការកិច្ច ប្រកបដោយនិរន្តរភាព ធានាបានសុខដុមនីយកម្មសង្គម កាត់បន្ថយបាននូវបាតុភាពសង្គម និងភាពអសកម្មនានា និងលើកកម្ពស់សមភាព សមធម៌ យេនឌ័រ នៅក្នុងវិស័យរបស់ខ្លួន ដោយបានបង្កើនចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចនៅគ្រប់រចនាសម្ព័ន្ធរបស់ក្រសួង។ ជាពិសេស ការបញ្ជ្រាបយ៉ែនឌ័រចូលទៅក្នុងវិស័យអាទិភាពទាំង ៨ របស់ក្រសួង រួមមាន ៖
១. ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាង និងអភិវឌ្ឍន៍មូលធនមនុស្ស
២. ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគិតយុត្តនៅក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលប្រគល់ជូន
៣. ការពង្រឹងប្រសិទ្ធិភាព នៃការតាមដានការអនុវត្តច្បាប់ និងអនុសាសន៍របស់ប្រមុខ រាជរដ្ឋាភិបាល
៤. ជម្រុញ និងពង្រឹងសមត្ថភាពអធិការកិច្ចរបស់ស្ថាប័ន
៥. ជំរុញការអប់រំផ្សព្វផ្សាយច្បាប់ និងវេទិកាសាធារណៈ
៦. ជំរុញការទទួលពិនិត្យ និងដោះស្រាយ ពាក្យបណ្តឹង
៧. ជំរុញកិច្ចសហការ និងភាពដៃគូជាមួយស្ថាប័នរដ្ឋ ឯកជន និងដៃគូសំខាន់ៗនានា ក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ដើម្បីប្រសិទ្ធភាព នៃការអនុវត្តច្បាប់
៨. ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការអធិកាកិច្ច និងការទទួលពិនិត្យ និងដោះស្រាយបណ្តឹង។
សម្តេចកិត្តិសង្គហបណ្ឌិត មានក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូននារីទាំងអស់នៃក្រសួងអធិការកិច្ច នឹងយកស្មារតីថ្ងៃ៨មីនា ធ្វើជាទស្សនវិស័យសម្រាប់ការអភិវឌ្ឍសមាគមផង អភិវឌ្ឍខ្លួនឯងផង ដើម្បីទទួលបានភាពជោគជ័យ និងអនាគតកាន់តែប្រសើរ ក៏ដូចជាបានចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិផងដែរ៕