សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អនុញ្ញាតិឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា

នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអនុញ្ញាតិឲ្យឯកឧត្តម ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ជាកិច្ចចាប់ផ្តើម សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយ ចំពោះវត្តមានរបស់ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា  ដែលបានអញ្ជើញមកកាន់វិមានរដ្ឋសភា ជាថ្មីម្តងទៀត ខណៈដែលសម្តេចធ្លាប់បានជួប ឯកឧត្តម ឯកអគ្គរដ្ឋទូត កាលពីចុងឆ្នាំ២០២៣ នៅពេលដែលសម្តេចទើបត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី៧។ សម្តេចប្រធានរដ្ឋសភាបានរំលឹកថា កាលពីជំនួបលើកមុន ឯកឧត្តម ឯកអគ្គរដ្ឋទូត បានផ្តួចផ្តើមគំនិតអំពីការចងក្រងក្រុមនិស្សិតកម្ពុជាដែលបានទទួលការសិក្សានៅប្រទេសអាស៊ែបៃហ្សង់ (Alumni)។ សមាគមនិស្សិតនៅដើរតួសំខាន់មួយចំណែកទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ព្រោះទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ និងជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋសភា សម្តេចគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ល្អនេះ។ នាពេលបច្ចុប្បន្ន មានសមាគមអតីតនិស្សិតកម្ពុជាដែលសិក្សានៅបរទេសជាច្រើនដូចជា សមាគមអតីតនិស្សិតអូស្រ្តាលី ជប៉ុន សឹង្ហបូរី អង់គ្លេស និងកូរ៉េ ជាដើម។នៅក្នុងជំនួបនេះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគអាស៊ែបៃហ្សង់ អញ្ជើញមកស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ឧស្សាហកម្មថាមពល និងកម្មន្តសាល ដែលជាវិស័យដ៏មានសក្តានុពលនៅក្នុងតំបន់ និងសកលលោក។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន ក្នុងវិស័យឧស្សាហកម្មទំាងនោះ ដោយ សារកត្តាគោលនយោបាយពន្ធនាំចេញ ភូមិសាស្រ្ត នៃកំពង់ផែប្រទេសកម្ពុជាមានលក្ខណៈអំណោយផល ផ្ដល់ភាពងាយ ស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។ ជាមួយគ្នានេះសម្តេចបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលផ្សេងៗជាច្រើនទៀត ដើម្បីជំរុញ និងបង្កើនការវិនិយោគផងដែរ ក្នុងនោះការនាំចេញនូវផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ ម្រេច ផ្លែស្វាយ គ្រាប់ស្វាយចន្ទី និងវិស័យសុខាភិ បាលជាដើម។ 

ឯកឧត្តម ស៊ូវគី មេឌីហ្សាដា  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចមហារដ្ឋសភាធិការធិបតី តែងតែឆ្លៀត ឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម។ សម្តេចក៏ដូចជារដ្ឋសភាទំាងមូល បានសហការយ៉ាងល្អជាមួយស្ថានទូតសាធា រណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំនៅកម្ពុជា ទោះបីស្ថានទូតមាន និវេសនដ្ឋាននៅទីក្រុងហាណូយប្រទេសវៀតណាមយ៉ាងណាក្តី។ កិច្ចសហប្រតិបត្តិការរបស់រដ្ឋសភា បានលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យមានការ រីកចម្រើននិងរឹងមាំជាលំដាប់ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់និងកោត សរសើរយ៉ាងក្រៃលែងពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែល បន្តបេសកកម្មពីសម្តេចតេជោ ហ៊ុន សែន។ នៅជំនួបនេះ  ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា នឹងខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំនិងរីក ចម្រើនបន្ថែមទៀតដោយនៅក្នុងនោះ បានសន្យាថានឹងកៀរគរអ្នកវិនិយោគអាស៊ែបៃហ្សង់ មកកម្ពុជាបន្ថែមទៀត។ 

សូមរំលឹកថាកាលពីឆ្នាំ២០២២ កន្លងទៅ រដ្ឋសភាកម្ពុជានិងរដ្ឋសភាអាស៊ែបៃហ្សង់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទំាងពីរ ទាំងកម្រិតទ្វេភាគី និងពហុភាគី ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។ សភាកម្ពុជានិងអាស៊ែបៃហ្សង់ តែងបានសហការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌអន្តរសភាទាំងក្នុងក្របខណ្ឌតំបន់និងអន្តរជាតិ ជាអាទិ៍ អន្តរសភាអាស៊ាន (AIPA) សហភាពអន្ដរសភា(IPU) វេទិកាសមាជិកចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement/NAM) និងវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF)៕