សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចាក់ថា៖ កម្ពុជាប្រកាន់ជំហររឹងមាំការពារប្រជាពលរដ្ឋ ជាបន្ទុកមុនគេរបស់រាជរដ្ឋាភិបាល

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចាក់ថា៖ កម្ពុជាប្រកាន់ជំហររឹងមាំការពារប្រជាពលរដ្ឋ ជាបន្ទុកមុនគេរបស់រាជរដ្ឋាភិបាល
នៅរសៀលថ្ងៃទី ២៣ មិថុនានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ១,២៨២ គ្រួសារ ស្មើនឹង ៣,៨៥០ នាក់ នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ ដើម ក្នុងស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកពីតំបន់ប្រឈមហានិភ័យជាប់ព្រំដែន។
សម្ដេចបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ដែលបានយកចិត្តទុកដាក់ និងខិតខំបំពេញកាតព្វកិច្ច ជួយសម្រួលដោះស្រាយបញ្ហា និងថែរក្សាបងប្អូនប្រជាពលរដ្ឋដែលកំពុងជម្លៀសខ្លួន។
សម្ដេចបានបញ្ជាក់ថា ការជម្លៀសនេះគឺជាសកម្មភាពបង្ហាញនូវស្មារតីទទួលខុសត្រូវ និងការបង្ការជាមុនក្នុងការពារសុវត្ថិភាពប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការពារផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពជាតិ ដោយប្រើវិធីសន្តិភាព និងបញ្ហាព្រំដែនត្រូវដោះស្រាយតាមច្បាប់អន្តរជាតិ។
ក្នុងនោះដែរ សម្ដេចបានបញ្ជាក់ថា កម្ពុជាបានជ្រើសរើសដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយនាំយកតំបន់ដែលកំពុងមានភាពតានតឹងចំនួន ៤ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីសម្រេចបញ្ហាឱ្យចប់ជាស្ថាពរ ជូនសុភមង្គលដល់ប្រជាពលរដ្ឋខ្មែរនៅជំនាន់បច្ចុប្បន្ន និងអនាគត។