សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក និងឯកឧត្តម ចាយ បូរិន យាងនិងអញ្ជើញជាអធិបតី កាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិទូទាំងប្រទេស សម័យប្រឡងឆ្នាំ ២០២៥

សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះ អគ្គាធិការរង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហា សុមេធា ធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេច ព្រះ អគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកមធ្យមសិក្សា ជាតិ និង ឯក ឧត្ដម ចាយ បូរិន រដ្ឋ មន្រ្ដី ក្រសួងធម្មការនិងសាសនា យាងនិងអញ្ជើញជាព្រះរាជាធិបតី និងអធិបតីកាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ សម័យប្រលងថ្ងៃទី៤-៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ការរីកចម្រើនផ្នែកពុទ្ធិកសិក្សា ស្របតាមកន្លងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព នយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍន៏លើកគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនីតិកាលទី៧ ដែលបន្តដឹកនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា បានយកចិត្តទុកដាក់ទាំងវិស័យអាណាចក្រនិងពុទ្ធិចក្រ លើកតម្កើនសាលាបាលីនិងពុទ្ធិកសិក្សា ព្រះគុណធម៌ សីលធម៌ របស់ពុទ្ធសាសនាចាំបាច់ធ្វើឲ្យមានតុល្យភាពរីកចម្រើនខាងសម្ភារៈនិងខាងស្មារតី ពុទ្ធចក្រនឹងអាណាចក្រត្រូវដើរទន្ទឹមគ្នាក្នុងល្បឿនស្មើរគ្នា ដើម្បីចូលរួមចំណែក ថែរក្សាសន្តិភាព សុខមាលភាពសង្គមនិងភាពសុខសាន្តរបស់ប្រជាជន។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមផ្តាំផ្ញើរដល់បេក្ខសមណ ទាំងអស់ដែលនិមន្តមកប្រឡងនាថ្ងៃនេះ សូមពង្រឹងនៅស្មារតីយកចិត្តទុកដាក់នៅក្នុងការប្រលង គោរពនូវវិន័យ សុក្រឹត យុត្តិធម៌ និងតម្លាភាព ពិសេសក្នុងអំឡុងពេលប្រលងនេះផ្ទាល់ ធ្វើយ៉ាងណាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ស្របទៅនិងពាក្យស្លាកថា អ្នកចេះគឺជាប់ ដើម្បីក្លាយជាបញ្ញាវ័ន គឺត្រូវមានគ្រឹះនៃចំណេះដឹងមួយដែលច្បាស់លាស់ដែលអាចជួយអភិវឌ្ឍន៏ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលនាថ្ងៃអនាគតជាច្រើនទៀតផង ។

សូមជម្រាបជូនថា ការកាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ នាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដោយមានការនិមន្ត និងចូលរួមពីសំណាក់ សម្តេចព្រះសង្ឃតាមឋានានុក្រម, ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងបេក្ខសមណ ១១៤៥ អង្គ នៅមណ្ឌលរាជធានីភ្នំពេញ សម័យប្រលងថ្ងៃទី៤-៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ ដោយប្រលងលើមុខវិជ្ជាសំខាន់ៗរួមមាន ៖ ភាសាបាលី ,ភាសាខ្មែរ, គីមី, ព្រះវិន័យនិងអភិធម្ម, ភាសាសំស្រ្កឹត, រូបវិទ្យា,ផែនដីវិទ្យា,ភូមិវិទ្យា,គណិតវិទ្យា,ជីវវិទ្យា, ភាសាអង់គ្លេស,ប្រវត្តិវិទ្យា,និងសីលធម៌ ពលរដ្ឋវិជ្ជា ៕