សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយមនុស្សធម៌ ដល់គ្រួសារងាយរងគ្រោះ២,២៥០គ្រួសារ នៅឧត្ដរមានជ័យ

ខេត្តឧត្ដរមានជ័យ — ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់គ្រួសារងាយរងគ្រោះចំនួន ២,២៥០គ្រួសារ ក្នុងស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ក្នុងពិធីនេះ សម្ដេចប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវព្រះរាជសវនីយ៍ដ៏មានតម្លៃ របស់ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើក្ដីនឹករលឹក និងសួរសុខទុក្ខដល់ប្រជាជន កូន ចៅ ចៅទួតរបស់ព្រះអង្គ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រសាសន៍ប្រកបដោយសេចក្ដីសណ្ដោះប្រណីពោរពេញដោយក្ដីស្រលាញ់ និងភាពកក់ក្ដៅជាមួយប្រជាពលរដ្ឋ។
សម្រាប់អំណោយមនុស្សធម៌ ដែលទទួលបានពីការជួយរបស់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសប្រារព្ធពិធិខួបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា បានយកមកចែកជូនប្រជាពលរដ្ឋងាយរងគ្រោះនៅថ្ងៃនេះរួមមាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ ១យួរ (១យូរស្មើនឹង ១០កំប៉ុង) ទឹកស៊ីអ៊ីវ ១យូរ(១យួរស្មើនឹង៦ដប) ប្រេងឆា១ដបចំណុះ ១.៩លីត្រ, សាប៊ូកក់សក់ ១ដបធំ, ស្ករស ១គីឡូក្រាម, ឃីត១ (មានសារុង ក្រមា មុង ភួយ) នំប័ងបាក់យ៉ុង ១ដើម, ទឹកបរិសុទ្ធ ១ដប និងថវិកា ២ម៉ឺនរៀល៕