សមាជរដ្ឋសភានិងព្រឹទ្ធសភា គាំទ្រទាំងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសន្តិវិធីនិងតាមផ្លូវច្បាប់អន្តរជាតិ

សមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៥ បានគាំទ្រទាំងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ពីការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានឯកភាពគំាទ្រទំាងស្រុង ចំពោះយន្តការរបស់រាជរដ្ឋាភិបាលខាងលើនេះ ក្នុងសំឡេង ១៨២ លើ១៨២ សំឡេង នៃសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលមានវត្តមានក្នុងកិច្ចប្រជុំ។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២មិថុនានេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា បានគូសបញ្ជាក់ពីជំហ របស់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ ដោយសន្តិវិធី និងតាមផ្លូវច្បាប់អន្តរជាតិ ដូចជាការបន្តអនុវត្តយន្តការដែលប្រទេសទំាងពីរបានអនុវត្តកន្លងមក។ ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្រ្តី បានស្នើដល់ក្រុមការងារ លើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង ដើម្បីបញ្ចប់បញ្ហាព្រំដែន ពោលគឺ«ត្រូវពន្លត់ភ្លើងជៀសជាងអង្គុយបក់ផ្សែង»។
កិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់គ្រប់យន្តការទាំងផ្នែកលើការទូត ការចរចា ច្បាប់អន្តរជាតិ និងសិទ្ធិស្វ័យការពារខ្លួន ជាការបន្តនូវបេសកកម្មដ៏មោះមុត មិនងាករេ ក្នុងការរក្សាសន្តិសន្តិភាព និងឧត្តមប្រយោជន៍ស្នូលរបស់ជាតិ ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង៤០ឆ្នាំ កន្លងមកនេះក្នុងការកសាងបន្ទាត់ព្រំដែនជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ៕