សមាជរដ្ឋសភានិងព្រឹទ្ធសភា ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា លើរបៀបវារៈសំខាន់ៗចំនួន៣

សភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅថ្ងៃទី២និងទី៣ខែមិថុនាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា។

សមាជរដ្ឋសភានិងព្រឹទ្ធសភា រៀបចំធ្វើឡើងតាមសំណើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ។

របៀបវារៈប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា រួមមាន៖

១-ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម

២-ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ

៣-ប្រធានបទអំពីវិស័យកសិកម្ម

អំពីគោលបំណងនៃប្រធានបទនីមួយៗ

១-ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម

ដោយផ្អែកលើ “កម្មវិធីនយោបាយ” របស់គណបក្សប្រជា ជនកម្ពុជា ដែលប្រជាពលរដ្ឋទូទាំងប្រទេស បានផ្តល់ការគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកល នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បង្ហាញ នូវ “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨” កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជូនអង្គរដ្ឋសភា និងជូនដល់ប្រជាជនកម្ពុជា ទូទាំងប្រទេស តាមរយៈរដ្ឋសភា ក្នុងនោះកម្មវិធីគោលនយោបាយនេះបានកំណត់ដាក់ចេញនូវគោលដៅជា យុទ្ធសាស្ត្រ, គោលនយោបាយចម្បងៗជាអាទិភាព, គោលនយោបាយអភិវឌ្ឍតាមវិស័យ និងកម្មវិធីគោល នយោបាយអាទិភាព ដែលត្រូវចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៣ តទៅ ដែលជាក្របខណ្ឌសម្រាប់តម្រង់ទិសការងារ របស់រាជរដ្ឋាភិបាលក្នុងការបន្តបំពេញបេសកកម្មបម្រើជាតិ ព្រមទាំងអនុវត្តតាមការសន្យាជាមួយប្រជាជន កម្ពុជាជាម្ចាស់ឆ្នោត។ ឈរលើមូលដ្ឋាននៃ “កម្មវិធីនយោបាយ” នេះ រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” និងប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវយុទ្ធសាស្ត្រនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លើកទី១ កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋាន គ្រឹះឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច។ តាមរយៈនេះ ប្រព័ន្ធគាំពារសង្គម ត្រូវបានចាត់ជាអាទិភាពផងដែរ ដូចមានក្នុងបញ្ចកោណទី១៖ ការអភិវឌ្ឍ មូលធនមនុស្ស ផ្នែកទី៤ ស្តីពីការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ក្នុងគោលបំណងធានានិរន្តរភាព នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពបត់បែនដើម្បីឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ គ្រោះអាសន្ន និងវិបត្តិនានា ក៏ដូចជាការវិវឌ្ឍនៃកត្តាសេដ្ឋកិច្ច កត្តាសង្គម និង កត្តាប្រជាសាស្ត្រ ជាទូទៅ សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព និងបរិយាបន្ន។

ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ សម្រាប់ចាប់ផ្តើម អនុវត្តភ្លាមក្នុងឆ្នាំ២០២៣ ដោយកម្មវិធីគោលនយោបាយចំនួន ៣ មានគោលបំណងបន្តអភិវឌ្ឍប្រព័ន្ធគាំពារ សង្គម រួមមាន៖

(១) ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល

(២) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យនៅទូទាំងប្រទេស និង

(៣) ការធ្វើស្ថាបនូនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុង គ្រួសារក្រីក្រ, និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។

បន្ថែមលើនេះ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ត្រូវបានដាក់ប្រកាស ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្របខណ្ឌគោលនយោបាយគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ជាឯកសារគោលនយោបាយដ៏មានសារៈសំខាន់ ដែលបានធ្វើការផ្លាស់ប្តូរពីអភិក្រមនៃ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម តាមបែបសសរស្ដម្ភ ទៅជាការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងការផ្តល់កិច្ចគាំពារ ទៅតាមហានិភ័យនៃវដ្តជីវិត។

២. អំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលបំណងកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់នឹងវិបត្តិ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលជាកម្មវិធីទី៤ នៃ«កម្មវិធីគោលនយោបាយអាទិភាពចំនួន៦» ក្នុងគោលដៅលើកទឹកចិត្តអ្នកប្រកបមុខរបរ និងធ្វើការងារ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ មានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។ យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨នេះ ត្រូវបានដាក់ប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលក៏បានបង្កើតគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក.) តាមរយៈអនុក្រឹត្យ លេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដែលមានតួនាទី និងភារកិច្ចចម្បងក្នុងការសម្របសម្រួលការងារ និងអនុវត្តសកម្មភាពស្របតាមយុទ្ធ‍សាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រៀបចំផែនការ សកម្មភាពលម្អិត សូចនាករគន្លឹះ ការបែងចែកតួនាទីភារកិច្ច និងវិធានការគន្លឹះ ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនូវការអនុ‍វ‍ត្ត។ លើសពីនេះ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីជាមធ្យោបាយសម្រាប់កំណត់អត្តសញ្ញាណ ប្រភេទមុខរបរ និងការងាររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចផ្ដល់ការគាំទ្រផ្សេងៗបានទាន់ពេល និងចំគោលដៅ ជាពិសេសក្នុងគ្រាមានវិបត្តិ។

យោងតាមអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០១៩  កម្ពុជាមានកម្លាំងពលកម្មប្រមាណ ៧,៩ លាននាក់ ដោយក្នុងនោះ ២១,៥%(ឬ ១,៧ លាននាក់) ធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ខណៈដែលកម្លាំងពលកម្មដ៏ច្រើន គឺ ៦,២លាននាក់ ធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនខ្វះលទ្ធភាពទទួលបានសេវាសំខាន់ៗ ដែលធ្វើឱ្យពួកគេងាយរងគ្រោះដោយសារវិបត្តិ។ ដោយទទួលស្គាល់សារៈសំខាន់ និងសក្តានុពលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ និងបង្កើតគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក.) ក្នុងគោលដៅគាំទ្រវិស័យនេះឱ្យរីកធំធាត់ មានភាពធន់នឹងវិបត្តិ និងអាចឈានចូលក្នុងសេដ្ឋកិច្ចផ្លូវការ។ ក្រុមជំនួយការនៃគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធ សភា សូមអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ជំរុញ អភិវឌ្ឍ គាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេស ធ្វើឱ្យកម្រិតជីវភាព និងសុខមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរ។ ជាក់ស្តែងរាជរដ្ឋាភិបាល បានរៀបចំ និងអនុវត្តការងារសំខាន់ៗដូចជា អនុក្រឹត្យស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការបង្កើតថ្នាលឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុទ្ធនាការផ្សព្វផ្សាយសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិធានការគាំទ្រ និងកញ្ចប់អត្ថប្រយោជន៍ផ្នែកពន្ធដារ ផ្នែក បណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកគាំពារសង្គម ផ្នែកហិរញ្ញវត្ថុនិងធនាគារ ព្រមទាំងយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃថែមទៀត ។

៣. វិស័យកសិកម្ម វិស័យកសិកម្មកម្ពុជាសម្រេចបានលទ្ធផលគួរជាទីមោទនៈក្នុងរយៈពេលកន្លងមក ដោយបាន ប្រែក្លាយកម្ពុជាពីប្រទេសដែលខ្វះស្បៀងនិងពឹងផ្អែកលើជំនួយស្បៀងអាហារពីសហគមន៍អន្តរជាតិ មកជាប្រទេស ដែលមានសមត្ថភាពផលិតស្បៀងគ្រប់គ្រាន់ និងនាំចេញកសិផលរាប់លានតោន ដែលជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងរួមចំណែកធានាសន្តិសុខស្បៀងក្នុងតំបន់ និង ពិភពលោកផងដែរ។ គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបន្តចូលរួមចំណែកប្រមាណ ១៦,៧% (គិតជាតម្លៃបច្ចុប្បន្ន) ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) បន្តកើនឡើងជារៀងរាល់ឆ្នាំ ពី ១៩ ៨០៥ពាន់លានរៀល (ប្រមាណ ៤,៩៥ពាន់លានដុល្លារ) នៅឆ្នាំ២០១៥ ដល់ ២៤ ២៨២ ពាន់លានរៀល (ប្រមាណ ៦,០៧ពាន់លានដុល្លារ) នៅឆ្នាំ២០២០ និងដល់ ៣១ ២៩២ពាន់លានរៀល (ប្រមាណ ៧,៨២ ពាន់លានដុល្លារ) នៅឆ្នាំ២០២៤។ ការចូលរួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្ម រួមមានផ្នែកដំណាំ ៦១,៣% ផ្នែកផលិតកម្មសត្វ ១៥,៤% ផ្នែកជលផល ២០% និងផ្នែកព្រៃឈើ ៣,៣%។

លទ្ធផលទាំងនេះសម្រេចបានដោយសាររាជរដ្ឋាភិបាលនីតិកាលមុនៗ និងនីតិកាលទី៧ នៃ រដ្ឋសភា បានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវស្របនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមគ្រប់ កាលៈទេសៈ។ នៅក្នុងបរិបទដែលកម្ពុជាខ្វះខាតស្បៀង រាជរដ្ឋាភិបាលបានដាក់ចេញនូវគោល នយោបាយ និងយុទ្ធសាស្ត្រជំរុញផលិតកម្ម និងបង្កើនទិន្នផលដែលបានប្រើប្រាស់ចាប់ តាំងពីឆ្នាំ ១៩៨៧ ស្តីពីការផ្ទេរការអនុវត្តផ្ទាល់បែបបើកទូលាយ មកកាន់ការអភិវឌ្ឍបែបស៊ីជម្រៅ តាមរយៈការ ដោះស្រាយទឹក ការបង្កើនការរដូវដាំដុះពីទៅបីដងក្នុង១ឆ្នាំ ការធ្វើប្រពលវប្បកម្មលើផ្ទៃដីដែលមាន ស្រាប់ ព្រមទាំងការស្រាវជ្រាវ ការប្រើប្រាស់បច្ចេកវិទ្យា និងពូជថ្មីៗ ការធ្វើទំនើបកម្មគ្រឿងយន្តកសិកម្ម ការដាក់ចេញគោល-នយោបាយអនុគ្រោះពន្ធដល់វិស័យកសិកម្ម និងការបង្កើនផ្ទៃដីផលិតកម្មរហូត ដល់វិស័យកសិកម្មកម្ពុជាមានភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ និងវិបត្តិខាងក្រៅ និងមាន លទ្ធភាពទ្រទ្រង់សន្តិសុខស្បៀងពេញលេញ ក្នុងគ្រប់កាលៈទេសៈ ដោយបញ្ចៀសបានទាំងស្រុងនូវ វិបត្តិស្បៀងអាហារ មិនថាក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ឬគ្រោះធម្មជាតិ ឬភាព តានតឹងនៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងពិភពលោក។

ជាងនេះទៀត ក្នុងកាលៈទេសៈដែលការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកពេញលេញគ្រប់គ្រាន់ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយក្នុងការបើកទីផ្សារអន្តរជាតិសម្រាប់កសិផល កម្ពុជា តាមរយៈការចរចាពាណិជ្ជកម្ម ដែលធ្វើសមាហរណកម្មកម្ពុជាទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី និងការចរចាបើករបាំងបច្ចេកទេសដូចជា អនាម័យ និងភូតគាមអនាម័យជាដើម សំដៅលើក កម្ពស់ទំហំពាណិជ្ជកម្មកសិកម្ម បង្កើនចំណូលជូនប្រជាកសិករ សហគមន៍ និងអ្នកកែច្នៃផលិតផល កសិកម្ម។

ដោយឡែក សម្រាប់កាលៈទេសៈបច្ចុប្បន្ន ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ឱ្យកាន់តែមានប្រសិទ្ធភាព រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ចំនួន ៣ចំណុច ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖

១.ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន

រាជរដ្ឋាភិបាលសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា បានអនុវត្តដោយជោគជ័យនូវកម្មវិធី ហិរញ្ញប្បទានពិសេសជា ២ដំណាក់កាលគឺ ហិរញ្ញប្បទានចំនួន ៤០លានដុល្លារ ត្រូវបានប្រើប្រាស់ សម្រាប់ការប្រមូលផលស្រូវរដូវវស្សាឆ្នាំ២០២៤ និងហិរញ្ញប្បទានចំនួន ៣០លានដុល្លារ ត្រូវបាន បញ្ចេញនៅខែមករា ឆ្នាំ២០២៥ ដើម្បីគាំទ្រការប្រមូលទិញស្រូវប្រាំងក្នុងស្ថានភាពដែលតម្លៃស្រូវ នៅទីផ្សារសកលធ្លាក់ចុះ។ វិធានការនេះបានជួយឱ្យរោងម៉ាស៊ីនអាចប្រមូលទិញស្រូវទាន់ពេល វេលា និងក្នុងតម្លៃសមរម្យដែលធ្វើឱ្យកសិករមានលទ្ធភាពបន្តបង្កបង្កើនផលនៅរដូវបន្ទាប់។

ទន្ទឹមនេះរាជរដ្ឋាភិបាលបានដោះស្រាយដោយជោគជ័យនូវបញ្ហាប្រឈមនៃខ្សែច្រវាក់ តម្លៃជ្រូក តាមរយៈការណែនាំនិងលើកទឹកចិត្តដល់សមាគមចិញ្ចឹមសត្វកម្ពុជាឱ្យធ្វើបច្ចុប្បន្នភាព ផលិតកម្មជ្រូកឱ្យស្របតាមតម្រូវការជាក់ស្តែង និងការដាក់ចេញនូវវិធានការហាមឃាត់ការនាំចូល ជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ដើម្បីទុកពេលវេលាសមស្របសម្រាប់អ្នក ចិញ្ចឹមជ្រូក និងអ្នកធ្វើពាណិជ្ជកម្មផលិតផលសាច់ជ្រូក អាចរៀបចំខ្លួនប្រកួតប្រជែងដោយស្មើភាព ក្រោយពេលវិធានការបណ្តោះអាសន្នត្រូវបានបញ្ចប់ ស្របតាមវិធានពាណិជ្ជកម្មពិភពលោក។ ជា លទ្ធផល ការផ្គផ្គង់សាច់ មានតម្លៃជ្រូករស់មានស្ថិរភាពល្អប្រសើរ៕